(ចិន)៖ នៅរសៀលថ្ងៃទី១៣ ខែឧសភានេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសចិន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរទៅពិនិត្យស្ថានភាព និងវឌ្ឍនភាពរបស់សហគ្រាសស្រាវជ្រាវ ផលិត និងវេចខ្ចប់ពូជស្រូវឈ្មោះ Bio Rice (Hunan) Co., Ltd។
សហគ្រាស Bio Rice គឺជាក្រុមហ៊ុនឯកជន បង្កើតឡើងនៅឆ្នាំ ២០១២ គោលបំណងបំពេញនូវភាពខ្វះខាតនៃការវេចខ្ចប់ពូជស្រូវ Hybrid តាមស្តង់ដារមុនបញ្ចេញទៅទីផ្សារ។ បច្ចុប្បន្នសហគ្រាសនេះ មានលទ្ធភាពផលិតនិងលក់ចែកចាយពូជស្រូវបានជាង ៣ពាន់តោនក្នុង ១ឆ្នាំ។
សហគ្រាសក៏បានកសាងម៉ាស៊ីនសំរិតសំរាំង និងជ្រើសរើសពូជសុទ្ធល្អ គុណភាពខ្ពស់ និងឃ្លាំងស្តុកពូជស្រូវ ដែលអាចស្តុកបានរហូតដល់ ៥ពាន់តោន ប្រកបដោយអនាម័យ សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ដើម្បីធានាដល់គុណភាពពូជស្រូវជូនប្រជាកសិករ។
សូមបញ្ជាក់ផងដែរថា សមិទ្ធផលដ៏ធំមួយដែលក្រុមហ៊ុនសម្រេចបាន ពោលគឺផលិតបាននូវពូជស្រូវ Y900 ដែលមានលទ្ធភាពផ្តល់ផលបានជាង ១៥តោនក្នុង ១ហត។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសហគ្រាសសម្រេចបានកន្លងមក។
លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ទិន្នផលដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងឆន្ទៈនៃការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។
លោករដ្ឋមន្ត្រីក៏ស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងចំពោះបំណងវិនិយោគផលិតពូជស្រូវនៅកម្ពុជារបស់សហគ្រាស ពោលគឺបានឆ្លើយតបទៅនិងឆន្ទៈរបស់ក្រសួងក្នុងការផ្សាភ្ជាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដើម្បីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករឲ្យអស់លទ្ធភាពនាពេលអនសគត។
នៅរសៀលថ្ងៃដដែលនោះ លោក វេង សាខុន និងគណៈប្រតិភូ បានបន្តចុះទៅពិនិត្យមជ្ឈមណ្ឌលពិសោធន៍ និងបង្ហាញពូជស្រូវ Hybrid ដែលធ្វើឡើងនៅលើផ្ទៃដីសរុបប្រមាណជា ៣១ហិកតា និងមានបុគ្គលិកបម្រើការជាង ២០០នាក់ នៅទីក្រុងឆាងសា។
តាមលោកនាយកគ្រប់គ្រងមជ្ឈមណ្ឌលបានឲ្យដឹកពីគោលបំណងនៃការសិក្សាស្រាវជ្រាវ និងផ្សពវផ្សាយពូជស្រូវថ្មីៗ ដោយត្រូវផ្តោតទៅលើ ៖
ទី១ ការបង្កើនគុណភាព និងទិន្នផលខ្ពស់
ទី២ ធុនជំងឺ និងសត្វល្អិត
ទី៣ ស្របទៅតាមតម្រូវការទីផ្សារ
ទី៤ ភាពធុនទ្រាំនិងការបម្រែបំរួលអាកាសធាតុ ភាពរឹងមាំនៃដើមស្រូវ៕