Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីនគរបាល២នាក់ ត្រូវរន្ទះបាញ់ពេលកំពុងបំពេញបេសកកម្ម យាមនៅច្រកចេញចូលមុខប្រាសាទបន្ទាយឆ្មារ ក្នុងស្រុកថ្មពួក

13-05-2018 21:10

(បន្ទាយមានជ័យ)៖​ មន្ដ្រីនគរបាល២រូប ត្រូវបាន​រន្ទះបាញ់បណ្តាលឲ្យសន្លប់ ខណៈបំពេញការងារយាមនៅច្រកចេញចូលខាងកើត មុខប្រាសាទបន្ទាយឆ្មារ ក្រោយភ្លៀងធា្លក់មួយលាយលំជាមួយផ្គររន្ទះ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២១០៨នេះ ស្ថិតនៅភូមិបន្ទាយឆ្មារជើង ឃ៊ំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។​

ភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានរាយការណ៍ថា មុនពេលកើតហេតុមានភ្លៀងធ្លាក់​យ៉ាងខ្លាំងលាយលំជាមួយផ្គរ និងរន្ទះបាញ់ ស្រាប់តែពេលនោះក៏មានរន្ទះបាញ់ត្រូវមន្ដ្រីនគរបាលទាំង២រូបនោះតែម្ដង។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មន្ដ្រីនគរបាលទាំង២នាក់នោះ ទី១៖ឈ្មោះ រឿន ផល្លី មន្ត្រីនគរបាល ការពារបេតិកភ័ណ្ឌ ប្រចាំនៅប្រាសាទបន្ទាយឆ្មារ និងទី២៖ឈ្មោះ ប៉ាវ សារ៉ាន់ មន្ត្រីនគបាលប៉ុស្ដិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក។ ពេលបញ្ជូនដល់មន្ទីពេទ្យគេឃើញមានវត្ដមាន លោកឧត្តមសេនីត៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខផងដែរ។

ជាមួយគ្នានោះ លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក បានឲ្យដឹងថា ក្រៅពីមន្ដ្រីនគរបាលទាំង២នាក់ខាងលើនេះ ប្រជាពលរដ្ឋនៅភូមិត្បែងចាស់ ឃុំបេង ក៏ត្រូវរន្ទះបាញ់ចំនួន៣នាក់ផងដែរ៕