(កោះកុង)៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ត្រូវក្មេងប្រុសអាយុប្រហាក់ប្រហែលគ្នា ចាក់១កាំបិតបណ្តាលឱ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីពួកគេទាស់សម្តីគ្នាបន្តិចបន្តួច។ នេះបើតាមការអះអាងរបស់សមត្ថកិច្ច។ ករណីនេះ បានកើតឡើង នៅម៉ោង ៧៖២០នាទីយប់ ថ្ងៃទី១២ ខែឩសភា ឆ្នាំ២០១៨ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកង៉ែត វណ្ណៈ មន្ត្រីព្រហ្មទណ្ឌអធិការក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ចាន់ ហាក់ ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកក្មេងប្រុសជាជនដៃដល់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ប៉ុន្តែត្រូវសាក្សីនៅកន្លែងកើតហេតុ អះអាងថា មានវ័យស្របាគ្នា នឹងក្មេងរងគ្រោះ។

បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះ បាននិយាយថា នៅមុនកើតហេតុ ពួកគេឃើញក្មេងរងគ្រោះ បានមកទិញមី ក្រោយមកក្មេងប្រុសម្នាក់ទៀតដែលជាជនដៃដល់ បានឃើញជនរងគ្រោះ ក៏រត់មកចាក់ហើយរត់ចេញទៅបាត់ បណ្តាលឱ្យមានភ្ញាក់ផ្អើលភ្លាមៗតែម្តង។

ភ្លាមៗក្រោយកើតហេតុ អ្នកជិតខាង បានបញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យ តែសំណាងអាក្រក់ក្មេងរងគ្រោះបានស្លាប់ ពេលបញ្ជូនមកមន្ទីរពេទ្យដើម្បីសង្រ្គោះ។ ចំណែកក្មេងបង្កបានរត់គេចខ្លួនបាត់ស្រមោល ក្រោយពីធ្វើសកម្មភាពរួច។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយធ្វើកោសល្យវិច្ច័យទៅលើសាកសព សមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងរងគ្រោះពិតជាបានស្លាប់ ដោយសារជនសង្ស័យយកវត្ថុរឹងចាក់ចំ ផ្នែកខាងឆ្វេងក្រោមដោះ បណ្តាលឱ្យស្លាប់ភ្លាម ហើយករណីនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លូនជនដៃដល់ដើម្បីចាត់ការទៅតាមនិតិវិធី៕