(ភ្នំពេញ)៖ រហូតដល់ពេលនេះ កម្មករ១១នាក់ ដែលត្រូវបានរងការបណ្តេញចេញពីរោងចក្រដេរកាបូប នៃក្រុមហ៊ុន «ខាយណេង» ដែលមានទីតាំងនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបើកប្រាក់ខែសម្រាប់ខែមេសាហើយ នៅឡើយតែរឿងប្រាក់បំណាច់៥ភាគរយ ដែលកម្មករមិនព្រមទទួលយក ដោយពួកគេចង់បន្តការងារនៅក្រុមហ៊ុនបន្តទៀត ហើយវិវាទការងារនេះ ភាគីពាក់ព័ន្ធឯកភាពគ្នាដោះស្រាយបញ្ចប់ នៅថ្ងៃ១៧ ឧសភា។ នេះបើតាមសេចក្តីបំភ្លឺរបស់ អាជ្ញាធរខេត្តកំពង់ឆ្នាំង។
បើតាមសេចក្តីបំភ្លឺ របស់អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា បន្ទាប់ពីឃើញអត្ថបទផ្សាយមួយរបស់សារព័ត៌មាន Fresh News ស្តីពីករណីក្រុមហ៊ុនខាយណង បណ្តេញកម្មករនិងសហជីព១១នាក់ ចេញពីការងារ និងមិនបើកប្រាក់ជូន កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅ ក្រុមហ៊ុនបានបើកសម្រេចប្រាក់ខែ សម្រាប់ខែមេសា ជូនកម្មកររួចហើយ និងបានសន្យាផ្តល់ប្រាក់បំណាច់៥ភាគរយ ប៉ុន្តែប្រាក់បំណាច់មុខងារនេះ កម្មករទាំងនោះមិនព្រមបើកឡើយ ព្រោះពួកគាត់ចង់បន្តការងារទៀត។
សេចក្តីបំភ្លឺបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី បើតាមការពិភាក្សាកន្លងមក សម្រាប់ភាគីខាងក្រុមហ៊ុន គឺបានប្រកាសថា ខ្លួនមិនទទួលយកកម្មករទាំងនោះ ធ្វើការវិញនោះ។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ លោក ម៉ន់ យ៉េត ប្រធានសហជីពប្រចាំរោងចក្រ បានបញ្ជាក់ថា មានកម្មករ១១នាក់ និងសហជីពមួយចំនួន ត្រូវបានប្រធានរដ្ឋបាលក្រុមហ៊ុន ឈ្មោះ សឿន រ៉ាវុធ ធ្វើការគំរាមកំហែង ចង់ប្រើអំពើហិង្សាព្រមទាំងគំរាមវៃខ្នោះ ហើយបណ្ដេញចេញពីការងារដោយគ្មានកំហុស និងសេចក្ដីជូនដំណឹងអ្វីនោះទេ ហើយពួកគេចង់បានដំណោះស្រាយចំនួន២ រួមមាន៖ ទី១-សុំបើកប្រាក់ឈ្នួលប្រចាំខែមេសា និងទី២-ចង់ចូលបម្រើការងារវិញ៕