(កំពង់ធំ)៖ នាយកសាលាម្នាក់ ដែលបង្ហោះខ្លឹមសារប្រមាថព្រះចេស្តាព្រះមហាក្សត្រ នៅលើបណ្តាញសង្គម Facebook ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីសួរនាំរួច។
លោក ឃាង ណាវី អាយុ៥០ឆ្នាំ មានមុខងារជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូ ក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីបង្ហោះខ្លឹមសារមួយ ប្រមានដល់ព្រះចេស្តាព្រះមហាក្សត្រ។
បើតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន របស់ លោក ឃន កុសល ប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានឱ្យដឹងថា តុលាការបានសម្រេចចោទប្រកាន់ បុគ្គលរូបនេះពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ នៅក្នុងមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។
បើតាមលោកវរសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ជននេះបានប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម Facebookនេះ បានប្រើប្រាស់គណនីឈ្មោះ «គ្រូប្រពន្ធស» ដើម្បីបង្ហោះខ្លឹមសារល្មើសច្បាប់។
យោងតាម ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងត្រូវបានវិសោធនកម្មថ្មីៗនេះ បានបន្ថែមមាត្រាកំណត់ទោសប្រមាថអង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទូន៤៣៧ថ្មី ដោយបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ១០លានរៀល»។
ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោស ពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ៕