(តាកែវ)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា បានណែនាំដល់យុវជនរបស់បក្សប្រជាជនកម្ពុជា ឲ្យត្រូវខិតខំពន្យល់ប្រាប់ប្រជាពលរដ្ឋនូវការអភិវឌ្ឍសមិទ្ធផលក្នុងមូលដ្ឋាន ដែលជាគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា និងត្រូវបំពេញចំណុចខ្វះខាតរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីទទួលការគាំទ្រពីប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ាណែត ណែនាំបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសជួបជាមួយសកម្មជនរបស់បក្សប្រជាជនកម្ពុជា ប្រចាំមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។
លោកបានលើកឡើងថា យុវជនជនគណបក្សប្រជាជនជំនាន់មុន បានខិតខំកពុះពារការលំបាកគ្រប់បែបយ៉ាង ក្នុងការរំដោះប្រទេសជាតិឱ្យរួចផុតពីសង្រ្គាម ហើយបានខិតខំកសាងប្រទេសគ្រប់បែបយ៉ាង សម្រាប់យុវជនជំនាន់នេះ សម្រាប់ជាតិ និងប្រជាជនទូទាំងប្រទេស ដូច្នេះយុវជនជំនាន់ថ្មីនេះ ត្រូវបន្តថែរក្សារាល់សមិទ្ធផលស្នាដៃទាំងអស់ សម្រាប់កូនចៅជំនាន់ក្រោយ។
លោក ហ៊ុន ម៉ាណែត បានបន្តថា យុវជនត្រូវខិតខំចូលរួមកសាងសមិទ្ធផលបន្ថែមទៀត និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាអត្តសញ្ញាណបក្ស ព្រោះបក្សដែលខ្លាំង គឺខ្លាំងដោយអត្តសញ្ញាណ និងអំពើល្អរបស់សមាជិកបក្សដែលបម្រើប្រជាជនចេញពីបេះដូង និងឆន្ទៈរបស់យុវជន។
លោកប្រធានបានបន្ថែមទៀតថា គុណសម្បត្តិរបស់គណបក្សប្រជាជនមានច្រើនណាស់ គ្មានគណបក្សណាមួយប្រៀបផ្ទឹមបានឡើយ ដូច្នេះយុវជនមិនត្រូវខ្លាចនិយាយពីសមិទ្ធផលរបស់បក្ស ព្រោះគ្មានបក្សណាកសាងក្រៅពីគណបក្សប្រជាជននោះទេ យុវជនត្រូវក្តាប់ឱ្យបាននូវតំរូវការរបស់ប្រជាពលរដ្ឋ ថាមានបញ្ហាប្រឈមអ្វីខ្លះ និងត្រូវដោះស្រាយជូនពួកគាត់ឲ្យលឿន រហ័សទាន់ចិត្ត មានតម្លាភាព និងមានប្រសិទ្ធភាព។
លោកបន្តណែនាំដល់យុវជនឲ្យត្រូវខិតខំពន្យល់បកស្រាយប្រាប់ប្រជាពលរដ្ឋនូវអ្វីដែលល្អ ពីការអភិវឌ្ឍសមិទ្ធផលនៅក្នុងមូលដ្ឋាន ជាគុណសម្បត្តិរបស់បក្ស ហើយត្រូវខិតខំស្វែងរកចំណុចខ្វះខាតរបស់ខ្លួន និងត្រូវបំពេញបន្ថែមនូវចំណុចខ្លាំង ដើម្បីបម្រើប្រជាពលរដ្ឋ និងដើម្បីទទួលការជឿជាក់ និងគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា កុំឲ្យលង់ជឿតាមការញុះញង់របស់គណបក្សប្រឆាំង ដែលទទូចមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាពេលខាងមុខ។
លើសពីនេះ លោកបានដាស់តឿនថា យុវជនរបស់បក្សត្រូវរៀបចំផែនការសកម្មភាព របៀបរបបការងារ បង្កើនសមត្ថភាព លទ្ធភាពប្រកបដោយឆន្ទៈខ្ពស់បម្រើជាតិ និងប្រជាជន ដើម្បីទាញបេះដូងស្រលាញ់ចូលចិត្ត គាំទ្រគណបក្សប្រជាជនកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋឲ្យបានច្រើនលើសលប់ ក្នុងការដណ្តើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងធ្វើនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕