(ភ្នំពេញ)៖ បុគ្គលអ្នកចងចាំគតិបណ្ឌិតក្នុងចិត្ត តែនាំខ្លួនទៅរកផ្លូវត្រូវ ផ្លូវប្រសើរថ្លៃថ្លា, ផ្លូវត្រូវ ជាលទ្ធផលជោគជ័យដែលទទួលបានការគាំទ្រពីមជ្ឈដ្ឋានជុំវិញ ភាពជោគជ័យមួយ វាទាល់តែមានការបង្ហាញផ្លូវពីបណ្ដាអ្នកប្រាជ្ញមួយចំនួន តាមរយៈការប្រតិបត្តិតាមទស្សនទូន្មានល្អៗរបស់អ្នកប្រាជ្ញទាំងនោះ ហើយការដឹងឮនូវពាក្យទូន្មានទាំងនោះបាន ទាល់តែមានការកត់ត្រាទុក និងផ្សព្វផ្សាយឲ្យបានដឹងជាហូរហែ។

ហេតុដូច្នេះ ទើបអង្គភាពព័ត៌មាន Fresh News ខិតខំស្រាវជ្រាវរកគតិបណ្ឌិតល្អៗ ដើម្បីផ្សព្វផ្សាយជូនមិត្តអ្នកអានបានស្វែងយល់ពិចារណា គ្រាន់បង្កើនចំណេះដឹងផងដែរ។

ខាងក្រោមនេះ ជាគតិបណ្ឌិតចំនួន១០ថ្មីទៀត ដែលបានសម្រឹតសម្រាំងពីសៀវភៅមួយចំនួន៖

១៖ អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំធ្វើមកលើអ្នក ចូរកុំយកវាទៅអនុវត្តលើមនុស្សក្រោមបង្គាប់អ្នក។ ខុង ជឺ អ្នកប្រាជ្ញបុរាណចិន។

២៖ រអិលមាត់ ច្រើនតែភ្លាត់ស្នៀត។ សម្ដេចព្រះសង្ឃរាជ ជួន ណាត។

៣៖ បើសិនជាអ្នកមានលទ្ធភាពជួយដល់អ្នកដទៃបាន ចូរជួយទៅ ប៉ុន្តែបើសិនអ្នកមិនអាចជួយអ្នកដទៃបាន សូមកុំធ្វើបាបគេ។ សម្ដេចសង្ឃ ដាឡៃ ឡាម៉ា មេដឹកនាំសាសនាព្រះពុទ្ធមហាយាននៅខេត្តទីបេ សាធារណរដ្ឋប្រជាមានិតចិន។

៤៖ ការរៀបចំខ្លួនឲ្យល្អសម្រាប់ថ្ងៃស្អែក គឺជាការធ្វើអ្វីមួយឲ្យអស់ពីសមត្ថភាពនៅក្នុងថ្ងៃនេះ។ ចេកសុន ប្រោន។

៥៖ មនុស្សដែលទទួលជោគជ័យបាន គឺគេតែងក្រោកពីព្រឹកព្រលឹម ហើយដល់ពេលព្រលប់បានចូលគេង។ បប ឌីលេន សិល្បករជនជាតិអាមេរិក។

៦៖ ភាពជោគជ័យមានតែមួយយប់ប៉ុណ្ណោះ ប៉ុន្តែមួយយប់នៃជោគជ័យនោះ ចំណាយពេលធ្វើដល់ទៅម្ភៃឆ្នាំឯណោះ។ ម៉នធី ហល ពីធីករទូរទស្សន៍ជនជាតិកាណាដា។

៧៖ ផ្លូវទៅកាន់ផ្ទះមិត្តរបស់អ្នក គឺមិនដែលនៅឆ្ងាយនោះទេ។ សុភាសិតដាណឺម៉ាក។

៨៖ ភាពសោកស្ដាយគ្មានប្រយោជន៍ចំពោះជីវិតនោះទេ វាគ្រាន់តែជាអតីតកាលដែលកន្លងផុតទៅប៉ុណ្ណោះ អ្វីដែលអ្នកឈរ គឺបច្ចុប្បន្នកាល ហើយអ្វីដែលអ្នកត្រូវទៅ គឺអនាគតកាល។ ម៉ាឡូន ប្រេនដូ។

៩៖ ការដែលស្គាល់អ្នកដទៃ គឺជាការប៉ិនប្រសប់ ការដែលស្គាល់ពីខ្លួនឯង គឺជាចំណេះដឹងពិត, ការផ្ដល់បញ្ជាទៅអ្នកដទៃ គឺជាភាពរឹងមាំ ការផ្ដល់បញ្ញាដល់ខ្លួនឯង គឺជាអំណាចពិត។ ឡៅ ស៊ឺ មេដឹកនាំលទ្ធិតៅ។

១០៖ សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញ ប្រាជ្ញនាំទៅរកត្រូវ។ សម្ដេចព្រះសង្ឃរាជ ជួន ណាត៕