(ព្រៃវែង)៖ ដើម្បីទទួលបានជោគជ័យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅចុងខែកក្កដាខាងមុខនេះ លោក ហ៊ូ សាគុណ ប្រធានក្រុមការងារចុះជួយឃុំអង្គរទ្រេត និងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ បានប្រាប់ឲ្យថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ត្រូវខិតខំប្រឹងប្រែងបម្រើជូន ប្រជាពលរដ្ឋឲ្យបានឌិតដល់។
ការថ្លែងបែបនេះ របស់លោក ហ៊ូ សាគុណ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨ របស់គណៈកម្មាធិការបក្សឃុំអង្គរទ្រេត។ ក្នុងនោះ ក៏មានការចូលរួមពី ក្រុមការងារចុះជួយឃុំទាំង២, លោក អ៊ឹម សយ ប្រធានគណៈកម្មាធិការបក្សស្រុក, លោក សុខ សាញ់ គណៈអចិន្ត្រៃយ៍គណបក្សស្រុក ក្រុមប្រឹក្សាឃុំ សមាជិក-សមាជិកាបក្សឃុំ-ភូមិ, ប្រជាការពារ, យុវជន និងនិវត្តន៍ជន សរុបជាង២០០នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ របស់គណបក្សឃុំ និងទិសដៅការងារបន្ត ព្រមទាំងប្រតិទិនការងារ សម្រាប់ការបោះឆ្នោតរួចមក លោក ហ៊ូ សាគុណ បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដល់ការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ មូលដ្ឋានឲ្យមានសុខសុវត្ថិភាព និងការរីកចម្រើន ហើយទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋ។
មន្ដ្រីជាន់ខ្ពស់បក្សប្រជាជនរូបនេះ បានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ពេញផ្ទៃប្រទេស មានស្ថិរភាពនយោបាយរឹងមាំ និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យ ជាក់ស្តែងនៅឃុំអង្គរទ្រេតនេះតែម្តង។
ជាការឆ្លើយតប ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះ បានប្ដេជ្ញាបន្ដបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីគ្រប់អាណត្តិ និងប្រកាសមិនជឿតាមការញុះញង់របស់ក្រុមប្រឆាំងដែលអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត នៅចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ក្នុងឱកាសនោះ លោក ហ៊ូ សាគុណ ក៏បានចូលរួមដោះស្រាយកង្វល់អំពីបញ្ហាទឹក ភ្លើង និងផ្លូវ ជូនប្រជាពលរដ្ឋតាមបណ្តាភូមិក្នុងឃុំអង្គរទ្រេត និងឧបត្ថម្ភថវិកាមួយចំនួន ដល់អង្គពិធីផងដែរ៕