(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសហព័ន្ធវេជ្ជសាស្ត្រឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា បានព្រមានថា សហព័ន្ធលោកនឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះចាត់វិធានការផ្លូវច្បាប់លើភោជនីយដ្ឋាន និងអាហារដ្ឋានទាំងឡាយណា ដែលគ្មានអនាម័យ ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ។
លោកបានថ្លែងបែបនេះ ក្នុងឱកាសដែលលោក ឡី សុភាព និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អញ្ជើញធ្វើជាអធិបតីបើកកម្មវិធីសិក្ខាសាលាស្តីពី ការអនុវត្តអនាម័យចំណីអាហារនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារហាយស្កាយ។
លោក ឡី សុភាព បានថ្លែងថា ក្រុមគោលដៅបាន និងកំពុងធ្វើសកម្មភាពអប់រំយ៉ាងស៊ីជម្រៅ និងស្រាវជ្រាវនានា រៀបចំបញ្ជូនលទ្ធផលដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យមានការទប់ស្កាត់ និងចូលរួមពីប្រជាពលរដ្ឋ ព្រមទាំងរៀបចំវិធានការក្តៅចាត់ការលើភោជនីយដ្ឋាន ក៏ដូចជាអាហារដ្ឋាននានាដែលគ្មានស្តង់ដារ ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។
លោក ឡី សុភាព បានបញ្ជាក់ថា «ឥឡូវធ្វើកិច្ចការងារនេះ ឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋទាក់ទងនឹងអនាម័យចំណីអាហារនេះផងដែរ ហើយយើងនឹងធ្វើការស្រាវជ្រាវចុះអង្កេត និងសហការបើកន្លែងណាមិនព្រមសហការ មិនព្រមរៀនសូត្រ មិនព្រមកំណែទម្រង់ ដើម្បីអាយុជីវិតប្រជាពលរដ្ឋទេ យើងនឹងចាត់វិធានការ និងសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធ និងចាត់វិធានការតែម្តង អាចបិទ និងមានទោសទណ្ឌដែរ យោងទៅលើច្បាប់មានទោសទណ្ឌ ព្រោះវាមានទោស….. ក្រុមគោលដៅជំហានទី១ គឺយើងសង្កត់ទៅលើភោជនីយដ្ឋាន អាហារដ្ឋាន ទី២ទៅតាមកន្លែងនាំចូល និងចែកចាយបន្លែផ្លែឈើ ត្រី និងសាច់ ហើយបន្ទាប់មកទៀតគឺ តាមក្រុមគ្រួសារគ្រាន់ឲ្យដឹងពីរបៀប នៃការថែទាំតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ជំហានទី១ យើងធ្វើចប់»។
ជាមួយគ្នានេះ លោក ងី មានហេង បានឲ្យដឹងដែរថា សុខភាពសំខាន់ណាស់ ហើយគ្រួសារជាកោសិកានៃសង្គម បើសិនគ្រួសារណាបានប្រកាន់ខ្ជាប់នូវអនាម័យបានល្អ គ្រសារនោះប្រាកដជាមិនមានជំងឺបៀតបៀនច្រើននោះទេ។ លោកបានសង្ឃឹមថា កម្មវិធីសិក្ខាសាលាថ្ងៃនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្រើន អំពីការរស់នៅដោយមានភាពអនាម័យ និងរស់នៅដោយភាពសុខសាន្តផងដែរ៕