(ពោធិ៍សាត់)៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានសន្យាថា លោកនឹងស្នើទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកៀរគររកថវិកា បន្តបញ្ចុះតម្លៃភ្លើង នាពេលឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រួលការចំណាយដល់ប្រជាពលរដ្ឋបន្ថែមទៀត។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គិសនីកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសដែលលោក និងលោក រូហ្វី អូស្មាន អនុប្រធានគណៈចលនាឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីភាព សម្ពោធឲ្យប្រើប្រាស់វិហារឥស្លាមអាមីន ទំហំ១០ម៉ែត្រគុណនឹង១៣ម៉ែត្រ ដែលមានតម្លៃជិត១០០លានរៀល ស្ថិតក្នុងភូមិកណ្តាលខាងលិច ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង បានឲ្យដឹងថា វិហារឥស្លាមនេះ ចាប់ផ្តើមសាងសង់គិតមកដល់ថ្ងៃសម្ពោធនេះ មានរយៈពេលជាង៤ឆ្នាំមកហើយ ដោយប្រើប្រាស់ថវិកាសប្បុរសជន និងសាសនិកខ្មែរឥស្លាម សរុប៩៩,៣១៧,១០០រៀល ទូទាត់រួច៩៧,៨៦៧,១០០រៀល និងនៅជំពាក់ថ្លៃសាងសង់១៤,៥០០,០០០រៀល។
លោក កែវ រតនៈ បានលើកឡើងបន្ថែមថា ដើម្បីឲ្យកិច្ចអភិវឌ្ឍន៍ និងការអភិរក្សដំណើរការទៅមានភាពរលូន រួមចំណែកកាត់បន្ថយភាពក្រីក្រទៅបាននោះ ប្រជាពលរដ្ឋត្រូវបន្តចូលរួមគាំទ្រ ដល់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបានសន្យាយ៉ាងមុតមាំថា នឹងខិតខំស្វែងរកអ្នកវិនិយោគ មកធ្វើរោងចក្រនៅស្រុកក្រគរ កាត់បន្ថយការចំណាកស្រុក ស្វែងរកទីផ្សារការងារ និងបង្កើនសេដ្ឋកិច្ចគ្រួសារបន្ថែមទៀត។
លោកបានក៏អំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសមិទ្ធិផលនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយទៀត និងសម្រាប់បម្រើឲ្យសាសនា ព្រមទាំងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ លោក កែវ រតនៈ និងលោក រូហ្វី អូស្មាន បានឧបត្ថម្ភថវិកា៣ពាន់ដុល្លារអាមេរិក សម្រាប់ការចំណាយកសាង ព្រមទាំងបានកាត់ខ្សែបូរណ៌ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងចែកមុងជូនប្រជាពលរដ្ឋដែលបានចូលរួម ចំនួន៨៥០មុងផងដែរ៕