(ភ្នំពេញ)៖ នៅថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១៨នេះ ជាថ្ងៃដ៏នក្ខត្ដឫក្សបំផុតដែលប្រជាជាតិខ្មែរទូទំាងព្រះនគរ មានទឹកចិត្ដសប្បាយរីករាយយ៉ាងក្រៃលែងដោយ បានចូលរួមថ្វាយព្រះពរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ស្ថិតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ បើនិយាយពីស្ថាប័នព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតនៃយើង ក្នុងប្រវត្ដិសាស្រ្ដកាលពីពេលថ្មីៗនេះ យើងនឹងឃើញផងដែរថាជូនពេលខ្លះមានពន្លឺរៈ ជូនពេលខ្លះងងឹត រួចក៏មានពន្លឺភ្លឺថ្លាយ៉ាងត្រចះត្រចង់ទ្បើងវិញដូចបច្ចុប្បន្ននេះជាភស្ដុតាង។
ហេតុអ្វីបានរាជរដ្ឋាភិបាលប្ដេជ្ញាការពារព្រះមហាក្សត្រ ?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះការដែលរាជរដ្ឋាភិបាលក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាការពាររាជបល្ល័ង្កព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតនៃយើង យ៉ាងម៉ឺងម៉ាត់បំផុតដូចយើងឃើញសព្វថ្ងៃនេះ ពីព្រោះរាជរដ្ឋាភិបាលបានមើលឃើញពីប្រវត្ដិសាស្រ្ដដ៏ឈឺចាប់កាលពីពេលថ្មីៗនេះ ពិសេសគឺមិនចង់ឃើញសង្គមកម្ពុជាយើង ត្រូវធ្លាក់ក្នុងដានប្រវត្ដិសាស្រ្ដដ៏សោកសៅដូចកាលពីរដ្ឋប្រហារទសវត្សរ៍១៩៧០ជាថ្មីម្ដងទៀតហ្នឹងឯង។
ដោយហេតុថាសព្វថ្ងៃបើទោះបីជាសង្គមយើង ប្រជាពលរដ្ឋបានរស់នៅលើផ្លូវសន្ដិភាពយ៉ាងសុខសាន្ដយ៉ាងណាក្ដី ក៏យើងនៅតែឃើញថាមានក្រុមអ្នកនយោបាយខ្មែរខ្លះ គឺនៅបន្ដចាប់ដៃជាមួយបរទេសដែលធ្លាប់ធ្វើរដ្ឋប្រហារ ដូចកាលពីជំនាន់សម្ដេចឪព្រះបរមរតនកោដ្ឋនៅដដែល ដោយជ្រកក្រោមរូបភាពផ្សេងៗដូចយើងឃើញសព្វថ្ងៃនេះ។
លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងន័យនេះដែរ ចំពោះការដែររាជរដ្ឋាភិបាលប្ដេជ្ញាការពារព្រះមហាត្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងនេះទៀតសោត ក៏ដើម្បីថែរក្សាអត្ដសញ្ញាណប្រពៃណីជាតិខ្មែរយើង តំាងពីបុរាណកាលរៀងមក ដែលតែងតែគោរពកោតខ្លាចព្រះចេស្ដាព្រះបារមីព្រះមហាក្សត្រ។ មានន័យថាក្នុងទស្សនខ្មែរព្រះមហាក្សត្រ គឺប្រៀបដូចជាដែកឆក់នៃប្រជាជាតិខ្មែរដើម្បីឲ្យមានភាពសុខដុមរមនាក្នុងព្រះនគរយ៉ាងដូច្នោះដែរ។ ស្ថិតក្នុងន័យនេះហើយ ទើបប្រពៃណីខ្មែរយើងតំាងពីបឋមកាលរៀងមក តែងលើកតម្កើងព្រះមហាក្សត្រទុកជាទីសក្ការបូជាដ៏ខ្ពង់ខ្ពស់បំផុត ជាកំពូលនៃខេមរជនក្នុងកម្ពុជរដ្ឋទំាងមូល។
លោក រត្ន័ សណ្ដាប់ បន្ថែមថាស្ថិតក្នុងន័យនេះផងដែរ ចំពោះព្រះមហាក្សត្រដែលបានចារឹកក្នុងបាវចនារដ្ឋធម្មនុញ្ញ «ជាតិ សាសនា ព្រះមហាក្សត្រ» ដូចយើងឃើញបច្ចុប្បន្ននេះ គឺបង្ហាញពីបាវចនាមួយបែបអភិរក្សតំាងពីបឋមកាលរៀងមកយ៉ាងដូច្នេះដែរ។ តែព្រះអង្គ ក៏ត្រូវស្ថិតនៅជាមួយប្រជារាស្រ្ដជាកូនចៅព្រះអង្គ ទៅតាមការវិវត្ដរបស់ស្រុកទេស និងពិភពលោកយ៉ាងដូច្នោះដែរ។ បានន័យថាព្រះអង្គ ទ្រង់ឈប់ធ្វើជាស្ដេចទេវរាជលើប្រជារាស្រ្ដដូចមុនទៀត ប៉ុន្ដែទ្រង់គឺស្ដេចជាតិខ្មែរវិញម្ដង។ ជាក់ស្ដែងរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា យើងចែងថា ព្រះមហាក្សត្រគ្រងរាជសម្បត្ដិ ប៉ុន្ដែទ្រង់មិនកាន់អំណាចនោះទេ។ បានសេចក្ដីថាទ្រង់ជានិមិត្ដរូបរក្សានូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ខ្មែរហ្នឹងឯង។
បើដូចនេះចំពោះពាក្យប្រារព្វបាវចនាទំាងបីគឺ៖ «ជាតិ សាសនា ព្រះមហាក្សត្រ» ជាពាក្យប្រារព្វដ៏ខ្ពង់ខ្ពស់បំផុត មានសារៈសំខាន់បំផុត ជាពាក្យមានតម្លៃថ្លៃថ្នូរបំផុត ជាពាក្យគួរឲ្យគោរពបំផុត ដែលយើងទំាងអស់គ្នាត្រូវតែលើកស្ទួយតម្កើងទុកក្នុងទីដ៏ខ្ពង់ខ្ពស់បំផុត។ ត្រង់ចំណុចនេះផងដែរ ទើបរាជរដ្ឋាភិបាលប្ដេជ្ញាការពារបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ហ្នឹងឯង៕