(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ បានលើកឡើងថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យមិនអាចតម្រូវចិត្តមនុស្សគ្រប់គ្នាភ្លាមៗបានឡើយ កត្តាសំខាន់បំផុតឲ្យតែធានារក្សាបានសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ ដើម្បីសុភមង្គលរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រូបង្រៀនប្រមាណ ៧២០នាក់ មកពី៩ឃុំ ខាងត្បូង ក្នុងចំណោមឃុំទាំង ១៨ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ។

បន្ទាប់ពីការថ្លែងនូវរបាយការណ៍ពីសំណាក់លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងជាប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ និងការរាយការណ៍ពីប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុករួចមក លោករដ្ឋមន្ត្រីបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមន្ត្រីរាជការ កម្មករនិយោជិត ប្រជាពលរដ្ឋទូទៅ ក៏ដូចជាគ្រូបង្រៀនផងដែរ ជាក់ស្ដែងដូចជាការដំឡើងប្រាក់បៀវត្សន៍ ការលើកស្ទួយសុខមាលភាព ពិសេសការខិតខំថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋដែលក្នុងនោះក៏មានជីវភាពគ្រូបង្រៀន និងការពង្រីកវិស័យអប់រំនៅទូទាំងប្រទេស។

លោក ថោង ខុន នៅតែបន្តលើកឡើងពីសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាថា ការដែលកម្ពុជាមានសុខសន្តិភាពដូចពេលបច្ចុប្បន្ននេះ មានតែគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទេ ដែលបានស្វែងរកដោយលំបាក ក្រោយការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត តាំងពីឆ្នាំ១៩៧៩។

លោកថា ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមិនបានចែងថា ទាល់តែមានបក្សប្រឆាំង ទើបមានប្រជាធិបតេយ្យនោះឡើយ ពោលគឺចែងតែសេរីពហុបក្សប៉ុណ្ណោះ។ ការដែលគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលកាត់រំលាយនោះ គឺមកពីទង្វើក្បត់ជាតិល្មើសច្បាប់ខ្លួនឯង។

លោកបានបញ្ជាក់ហើយបញ្ជាក់ទៀតថា កុំច្រឡំយល់ខុសតាមការញុះញង់របស់ក្រុមប្រឆាំងថា កម្ពុជា ជាប្រទេសផ្ដាច់ការឲ្យសោះ ព្រោះការឃោសនានោះ​ ជាការបំភ្លៃមហាជនឲ្យយល់ខុសលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោកបានពន្យល់ថា ប្រទេសកម្ពុជាជាប្រទេសដែលគោរព និងអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សយ៉ាងត្រឹមត្រូវ មានសេរីព័ត៌មានពិតប្រាកដ។ រាជរដ្ឋាភិបាលកម្ពុជាគោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រ មានការបោះឆ្នោតយ៉ាងត្រឹមត្រូវ។

ប្រធានក្រុមការងារដ៏សកម្មរូបនេះ បានបន្តអំពាវនាវឲ្យគ្រូបង្រៀន និងបុគ្គលិកអប់រំទាំងអស់ត្រូវខិតខំរួបរួមគ្នាបន្តថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ដើម្បីបន្តការអភិវឌ្ឍ ថែរក្សារាល់សមិទ្ធដែលមានស្រាប់ និងបន្តកសាងសមិទ្ធផលនានាបន្ថែមទៀត ពិសេសបន្តអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាតទៅមុខទៀត។

លោករដ្ឋមន្ត្រីបានណែនាំដល់លោកគ្រូអ្នកគ្រូ ឲ្យជួយណែនាំបន្តដល់សិស្សានុសិស្សអំពីសភាពការណ៍នយោបាយ ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ការគោរពលទ្ធិប្រជាធិបតេយ្យ ការគោរពអង្គព្រះមហាក្សត្រ ការខិតខំថែរក្សាសន្តិភាព។ លើសពីនេះ ក៏ត្រូវណែនាំដល់សិស្សានុសិស្សឲ្យពន្យល់ប្រាប់ក្រុមគ្រួសាររបស់ពួកគេ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីសភាពការណ៍កម្ពុជា ពិសេសដើម្បីបន្សាបការញុះញង់របស់ក្រុមប្រឆាំង ដែលកំពុងព្យាយាមបំពុលសង្គមកម្ពុជា ឲ្យមានការយល់ច្រឡំលើរាជរដ្ឋាភិបាល។

លើសពីនេះ លោក ថោង ខុន បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ ត្រូវចូលរួមជួយឃោសនាឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ទាំងអស់គ្នា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់គ្នា ហើយសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាបន្តការអភិវឌ្ឍលើគ្រប់វិស័យផងដែរ៕