(ភ្នំពេញ)៖ តារាសម្តែងប្រុស ដែលជាអតីតបេក្ខជន ក្នុងកម្មវិធី «Freshy Boys & Girls Cambodian» ជំនាន់ទី ១០ គឺលោក ជា លាងឈែ ដែលទស្សនិកជនភាគច្រើន បានស្គាល់លោក តាមរយៈរូបថត Pre Wedding ប្រុសជាមួយប្រុសនោះ ត្រូវបានគេដឹងថា លោកចូលសម្តែងក្នុងពិភពសិល្បៈ តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ដោយទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន និងមានទីផ្សារសិល្បៈមមាញឹកផងដែរ។ ជាមួយគ្នានេះ ដោយសារតែកន្លងទៅ លោកបានថតរូបជាមួយនឹងប្រុសដូចគ្នា
បានធ្វើឲ្យមានការយល់ច្រឡំជាច្រើន មិនថាទស្សនិកជន ក៏ដូចជាផលិតករនោះទេ រហូតដល់មានផលិតកម្មខ្លះ យល់ថា លោក ជាមនុស្សភេទទី ៣ ទើបមិនឲ្យលោកសម្តែងក៏មាន។

ជាការពិតណាស់ លោក ជា លាងឈែ គឺជាតារាប្រុសមួយដួង ដែលត្រូវបានទស្សនិកជននិយមហៅថា តារាមុខកាត់ចិន ខណៈលោកក៏បានទម្លាយដែរថា លោកក៏ចេះភាសាចិនផងដែរ អ្វីដែលពិសេសនោះ បើមានឱកាសល្អ លោកនឹងទៅសម្តែងនៅប្រទេសចិន ប្រសិនបើមានក្រុមហ៊ុនណាត្រូវការ។ ដោយឡែក បើងាកមករករូបថតប៉ុន្មានសន្លឹក ដែលជា Pre Wedding ប្រុសនិងប្រុស បង្កឱ្យមានការយល់ច្រឡំពីមហាជននោះ លោក ជា លាងឈែ បានថ្លែងប្រាប់ពិធីករ-ពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ថា «បន្ទាប់ពីលោក បានថតរូបទាំងនេះហើយ គឺមានការប៉ះពាល់ច្រើនដែរ ដូចជាក្រុមគ្រួសារលោក បានទទួលរងនូវសម្ពាធ ពេលឃើញរូបនេះហើយ ដោយចោទជាសំណួរទៅលោកថា ហេតុអ្វីបានថតបែបនេះ? បន្ទាប់មកលោកក៏បានបកស្រាយ ថាការថត Pre Wedding នេះ គឺថតឱ្យអង្គការ MSM (Man Six Man) ដែលមានគោលបំណង ឱ្យបុរសៗចេះការពារខ្លួន អំពីការឆ្លងមេរោគអេដស៍ ដូច្នេះការចូលរួមថត ជាមួយបុរសដូចគ្នានេះ គឺដើម្បីលើកកម្ពស់ឱ្យបុរស..»

តារាប្រុសក្នុងរឿង «ម្ជុលបាតសមុទ្រ» រូបនេះ បានបន្តថា «មូលហេតុដែលលោក ទៅចូលរួមថតរូប Pre Wedding នេះ ទាំងដឹងថា នឹងមានទស្សនិកជនយល់ច្រឡំ ដោយសារតែតារាប្រុសមួយចំនួន ពេលដឹងថាឱ្យទៅថតប្រុស និងប្រុសអ៊ីចឹង គឺបដិសេធ ដូច្នេះហើយ ដោយសារតែលោកបានយល់ ពីបញ្ហារបស់បុរសនាពេលចប្ចុប្បន្ន ដែលមានស្នេហាជាមួយបុរសដូចគ្នា ដូច្នេះដើម្បីលើកកម្ពស់បុរស លោកបានសម្រេចចិត្តថតតែម្តង ខណៈការថតរូបនេះ គឺមិនមែនមានន័យថា ជួយបំផុសឱ្យបុរសស្រឡាញ់បុរសដូចគ្នា នោះទេ»

លោក ជា លាងឈែ បានបន្ថែមថា «ដោយកាលណោះ មានតារាមួយរូប បានដាក់គម្រោងមួយឲ្យលោកធ្វើ និងចូលរួមសម្តែង ប៉ុន្តែពេលដែលខាងផលិតកម្មឃើញ គេថា លោកជាភេទទី៣ មិនឲ្យសម្តែង គឺមានការរើងអើងបែបហ្នឹងតែម្តង ប៉ុន្តែជាមួយនឹងរឿងនេះ លោកក៏មិនបានបកស្រាយអ្វីច្រើន ដែលក្រៅពីសំណូមពរឲ្យខាងផលិតកម្មនានា កុំមានការរើសអើងមនុស្ស ទោះបីជាប្រភេទណាក៏ដោយ ជាពិសេសកុំមានការយល់ច្រឡំលើរូបបន្តទៀត»

សូមជម្រាបថា លោក ជា លាងឈែ គឺជាតារាសម្តែងមួយដួង ដែលមានទីផ្សារសិល្បៈគួរសម ខណៈរូបលោក ត្រូវប៉ាន់ខាងថតស្ពតផ្សេងៗ ជាពិសេសរវល់ខាងថតភាពយន្តភាគជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ លោក មិនត្រឹមតែអាជីពជាអ្នកសិល្បៈនោះទេ ថែមទាំងមានតួនាទីជាប៉ូលិស នៅស្ថានីយទូរទស្សន៍ វិទ្យុ និងទូរទស្សន៍មហាផ្ទៃទៀតផង។

យ៉ាងណាមិញ ដើម្បីឲ្យជ្រាប់កាន់តែច្បាស់ ថា លោក ជា លាងឈែ បកស្រាយពីអ្វីខ្លះ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖