(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដោយត្រួតពិនិត្យរកសារធាតុញៀន លើអ្នកបើករថយន្ដធុនធំ ជិត១០០គ្រឿង ស្នើនឹងចំនួនមនុស្សទាំងអ្នកបើកបរ ព្រូរថយន្ដ និងកម្មករ ជិត២០០នាក់ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។
ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។
បើតាមលោកឧត្តមសេនីយ៍ស្នងការ សម្រាប់ប្រតិបត្តិការនេះលោកបានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ជើងគោក និងកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកជើងព្រៃ និងស្រុកបាធាយ ចុះរដ្ឋបាលចំហរ ធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធំ ចំនួន០២លើក ជាលទ្ធផលបានធ្វើតេស្ត លើរថយន្តធុនធំ ចំនួន៩៥គ្រឿង និងធ្វើតេស្តទឹកម៉ូត (ទឹកនោម) ស្វែងរកសារធាតុញៀនអ្នកបើកបរ និងព្រូរថយន្ត និងកម្មកររថយន្ត ចំនួន១៨៧នាក់ (អ្នកបើកបរ៩៥នាក់, ព្រូឡាន៥៩នាក់ និងកម្មករ៣៣នាក់)។
ជាលទ្ធផលធ្វើតេស្តវិជ្ជមាន ចំនួន៣៦នាក់ (អ្នកបើកបរចំនួន១៥នាក់, ព្រូឡានចំនួន១២នាក់ និងកម្មករ០៩នាក់) និងបានប្រគល់រថយន្តជូនម្ចាស់ទៅវិញ ចំនួន១២គ្រឿង និងរក្សាទុកបណ្តោះអាសន្ន ចំនួន១០គ្រឿង។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕