(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ ឆ្នាំ២០១៨ បានរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ សម្រាប់ពានរង្វាន់ថ្នាក់ខេត្តហើយ គឺក្រុមគិរីវង់សុខសែនជ័យ និងក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ(U18 បាទី) ក្រោយយកឈ្នះក្រុមខេត្តកំពត និងខេត្តកោះកុង ក្នុងជំនួបវគ្គ ៤ក្រុមចុងក្រោយលើទីលានពហុកីឡដ្ឋានជាតិកាលពីល្ងាចមិញ។

សម្រាប់ការប្រកួតវគ្គដ៏សំខាន់នេះ ដ្បិតមើលទៅក្រុមគិរីវង់ និងក្រុម U18 បាទី ហាក់មានប្រៀបលើបទពិសោធន៍ក្ដី ប៉ុន្ដែបច្ចេកទេសមិនលើសខ្វះគ្នាប៉ុន្មានទេ។ តួយ៉ាងការប្រកួតម្សិលមិញ សុទ្ធតែបញ្ចប់ដោយភាពតានដឹង និងជក់ចិត្តបំផុត ក្នុងនោះក្រុមគិរីវង់ បានយកឈ្នះខេត្តកំពត ៣-១។ ការប្រកួតនេះ គិរីវង់ រកបាន ៣គ្រាប់មុននៅតង់ទី១ ប៉ុន្ដែតង់ទី២ ពួកគេមិនអាចស្វែងរកគ្រាប់បន្ថែមបានទេ ផ្ទុយទៅវិញ ត្រូវបានខេត្តកំពត វាយបកបាន ១គ្រាប់មុននឹងបញ្ចប់ការប្រកួតពេញម៉ោង ។

ចំណែកក្រុមយុវជន U18 បាទី បានយកឈ្នះទាំងពិបាកលើក្រុមជម្រើសខេត្តកោះកុង ដោយលទ្ធផល ២-១ ។ ការប្រកួតនេះ តង់ទី១ ក្រុមទាំងពីរ បានស៊ុតបំប៉ោងសំណាញ់ទីគ្នា ១គ្រាប់ម្នាក់ ។ បន្ទាប់មកទើបក្រុមស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា U18 បាទី រកបានគ្រាប់ទី២ នៅតង់ទី២ ដើម្បីយកឈ្នះខេត្តកោះកុង ឡើងវគ្គផ្ដាច់ព្រ័ត្រ ។ ប៉ុន្ដែមុននឹងដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ប្រធានក្រុម U18 បាទីកីឡាករ ទៀត គឹមហេង បានរងរបួសដៃ ត្រូវបានគ្រូបង្វឹកបង្ខំចិត្តប្ដូរចេញភ្លាមៗ ដើម្បីព្យាបាលផងដែរ ។

បន្ទាប់ពីរកឃើញបេក្ខភាពប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយនោះ តាមគម្រោងក្រុមគិរីវង់សុខសែនជ័យ នឹងត្រូវជួបក្រុមយុវជន U18 បាទី ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៩ ខែឧសភាខាងមុខ ដើម្បីដណ្ដើមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ។ ប៉ុន្ដែពុំមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមចាញ់ និងក្រុមចាញ់នោះទេ ពោលគឺក្រុមខេត្តកំពត និងខេត្ដកោះកុង ត្រូវត្រៀមខ្លួនបន្ដបេសកកម្មចូលរួមការប្រកួតពានរង្វាន់ថ្នាក់ជាតិ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ទាំង ១២ក្លឹប ដែលគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី១១ ខែកក្កដាខាងមុខតែម្ដង៕