(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការចុះឈ្មោះគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា នឹងត្រូវបញ្ចប់តើគណបក្សនយោបាយចំនួនប៉ុន្មាន ដែលនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨? បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ រហូតដល់ពេលនេះគណបក្សនយោបាយចំនួន៣៨ ត្រូវបានទទួលស្គាល់ជាផ្លូវការរួចហើយ។

តើគណបក្សទាំងអស់នេះនឹងចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខឬ? បើតាមខ្ញុំបាទ (វុត្ថា) យល់គណបក្សទាំងអស់នេះ នឹងមិនអាចចូលរួមបានទាំងអស់ទេ ដោយសារថា ច្បាប់បានតម្រូវឲគណបក្សនីមួយៗ ត្រូវមានបេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបម្រុង រហូតដល់មួយភាគបីនៃអាសនៈក្នុងរដ្ឋសភាជាតិចំនួន ១២៥ អាសនៈ ដែលស្មើនឹង៤១អាសនៈ ហើយយោងលើលក្ខខណ្ឌនេះ គណបក្សមិនអាចឈរឈ្មោះនៅមណ្ឌល ១ ២ ឬ៣ មណ្ឌលបានទេ។

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ ខ្ញុំ(វុត្ថា) ជួបសម្ភាសន៍ជាមួយលោក ឌឹម សុវណ្ណារុំ សមាជិក និងអ្នកនាំពាក្យគណកម្មាធិការជាតិរៀប ចំការបោះឆ្នោតស្តីពីលក្ខខណ្ឌនៃ ការចុះឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗនាពេលដែល គ.ជ.ប បានផ្សព្វផ្សាយនិងជូនដំណឹងរួចហើយថា ការទទួលចុះឈ្មោះជាផ្លូវការ បានប្រព្រឹត្តិទៅពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

លឹម ជាវុត្ថា៖ តើគណបក្សនយោបាយទាំងអស់មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតបានដែរ ឬទេ?

ឌឹម សុវណ្ណារុំ៖ អរគុណលោកវុត្ថា! គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយការចុះបញ្ជីធ្វើឡើង នៅមុនថ្ងៃបោះឆ្នោត ចំនួន៩០ថ្ងៃ។

លឹម ជាវុត្ថា៖ តើគណបក្សនយោបាយត្រូវធ្វើដូចម្តេច ដើម្បីចុះបញ្ជីជាផ្លូវការ?

ឌឹម សុវណ្ណារុំ៖ អ្វីដែលគណបក្សនយោបាយត្រូវធ្វើនោះគឺ៖
* បំពេញពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងទម្រង់បែបបទលេខ ១០០៨ (ទ.១០០៨) និងទាញយកតាមអាសយដ្ឋនានេះ www.necelect.org.kh/khmer/content/2522 ។ គ.ជ.ប ផ្តល់ជូនពាក្យសុំដោយឥតគិតថ្លៃ និងស្នើសុំឲបំពេញចំនួន២ច្បាប់។

* ត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្ស នយោបាយនៅលើពាក្យសុំចុះបញ្ជី ។

លឹម ជាវុត្ថា៖ តើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវភ្ជាប់មកជាមួយនូវឯកសារអ្វីខ្លះ?

ឌឹម សុវណ្ណារុំ៖‌ ឯកសារដែលត្រូវភ្ជាប់មកជាមួយមាន៖

* សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ១ច្បាប់។

* ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ។

* អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ។

* បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។បេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ។ ចំណុចសំខាន់ជាងនេះទៀតគឺថា បញ្ជីនេះត្រូវមានបេក្ខជន ពេញសិទ្ធិចំនួនយ៉ាងតិច១/៣ (មួយភាគបី) នៃចំនួនអាសនៈក្នុងរដ្ឋសភាមានន័យថាយ៉ាងហោចណាស់ គណបក្សមួយត្រូវឈរនៅមណ្ឌលដែលសរុបអាសនៈរហូត ដល់៤១ អាសនៈ គឺមិនអាចឈរនៅ ១ ២ ឬ៣ មណ្ឌលបានទេ។

* សេចក្តីប្រកាសអំពីគណនីធនាគារ ដែលគណបក្សនយោបាយបានទុកប្រាក់ចំណូលផ្សេងៗរួមមានទាំងវិភាគទានដែលបានមកពីប្រភពនានា នៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា។

* លក្ខន្តិកៈគណបក្សនយោបាយ និងឯកសារផ្សេងៗដែលបញ្ជាក់ពីការបង្កើតគណបក្សនយោបាយ។

* សេចក្តីប្រកាសរបស់គណបក្សនយោបាយថា ចូលរួមបោះឆ្នោត និងទទួលយកលទ្ធផលបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងចូលរួមអនុវត្ត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រមសីលធម៌ ព្រមទាំងច្បាប់ស្តីពីគណបក្សនយោបាយ។

* បញ្ជីរាយនាមគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលរបស់គណបក្សនយោបាយ។

* បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដែលចេញដោយរតនាគារជាតិ។

* ថវិកានេះនឹងប្រគល់ជូនគណបក្សវិញនៅពេលណាដែលគណបក្សមួយអាចទទួលបានសម្លេង៣% នៃសម្លេងឆ្នោតបានការ ឬ ១ អាសនៈ នៃរដ្ឋ
សភា។

លឹម ជាវុត្ថា៖ តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវពិនិត្យសម្រេចក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីបានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយ?

ឌឹម សុវណ្ណារុំ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវពិនិត្យសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៧ ថ្ងៃ បន្ទាប់ពីថ្ងៃនៃការដាក់ពាក្យសុំ។ ក្នុងករណីយល់ព្រមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចេញលិខិត បញ្ជាក់អំពីការចុះបញ្ជីជូនសាមីគណបក្សនយោបាយ។

លឹម ជាវុត្ថា៖ តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានការណែនាំគណបក្សនយោបាយយ៉ាងណា នៅពេលពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្ស នយោបាយណាមួយ មិនបានបំពេញលក្ខខណ្ឌតាមការកំណត់ទេ?

ឌឹម សុវណ្ណារុំ៖ ក្នុងករណីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងជូនដំណឹងទៅសាមីគណបក្សនយោបាយនោះវិញដើម្បីបំពេញបន្ថែម ឬកែតម្រូវ។ សាមីគណបក្ស ត្រូវបំពេញ ឬកែតម្រូវលក្ខខណ្ឌដែលខ្វះខាតយ៉ាងយូរ ៥ ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានទទួលលិខិតជូនដំណឹង។ ប៉ុន្តែប្រសិនបើគណបក្សនយោបាយ មិនបានបំពេញលក្ខខណ្ឌតាមការកំណត់ទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាត់ទុកថាសាមីគណបក្សនយោបាយនោះបានបោះបង់ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតហើយ។

លឹម ជាវុត្ថា៖ ក្នុងករណីបដិសេធ តើគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវសម្រេចបែបណា?

ឌឹម សុវណ្ណារុំ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹង៖
* ចុះហត្ថលេខា និងកាលបរិច្ឆេទលើសេចក្តីសម្រេចបដិសេធ ចំនួន ៣ ច្បាប់ រួចផ្ញើជូនៈ
* គណបក្សនយោបាយសាមី ឬតំណាង ១ ច្បាប់
* ក្រុមប្រឹក្សាធម្មនុញ្ញ ១ ច្បាប់
* រក្សាទុកឯកសារ ១ ច្បាប់ ។
* ផ្តល់ព័ត៌មានទៅសាមីគណបក្សនយោបាយ ឬតំណាងថា គាត់អាចប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេលយ៉ាងយូរ ៥ ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានទទួលសេចក្តីសម្រេចបដិសេធ។
* នីតិវិធីនៃការដាក់/ទទួលពាក្យបណ្តឹង ត្រូវអនុវត្តបន្តតាមនីតិវិធីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។

លឹម ជាវុត្ថា៖ តើក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវពិនិត្យ និងសម្រេចលើពាក្យប្តឹងតវ៉ាក្នុងរយៈពេលប៉ុន្មានថ្ងៃ?

ឌឹម សុវណ្ណារុំ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវពិនិត្យ និងសម្រេចលើពាក្យបណ្តឹងតវ៉ានេះក្នុងរយៈពេល១០ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង។

លឹម ជាវុត្ថា៖ តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាម មណ្ឌលបោះឆ្នោតរាជធានី ខេត្ត ក្នុងរយៈពេលប៉ុន្មានថ្ងៃ?

ឌឹម សុវណ្ណារុំ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈោ្មះបោះឆ្នោតផ្លូវការតាមមណ្ឌល បោះឆ្នោតរាជធានី ខេត្ត ក្នុងរយៈពេលយ៉ាងតិចសាមសិបថ្ងៃ មុនថ្ងៃបោះឆ្នោត។

លឹម ជាវុត្ថា៖ តើបេក្ខជនឈរឈ្មោះបោះឆ្នោតម្នាក់ៗ ទទួលបាននូវការការពារសិទ្ធិដូចម្តេចខ្លះ?

ឌឹម សុវណ្ណារុំ៖ បេក្ខជនឈរឈ្មោះបោះឆ្នោតម្នាក់ៗមានសិទ្ធិទទួលបាននូវការការពារសន្តិសុខ និងសុវត្ថិភាពដូចមានចែងក្នុងជំពូកទី៣ មាត្រា៣២ នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើបេក្ខជនអាចផ្តល់ភស្តុតាង ឬមានមូលហេតុច្បាស់លាស់ថា សន្តិសុខ និងសុវត្ថិភាពរបស់ខ្លួនត្រូវបាន និងកំពុងរងនូវការគំរាម កំហែងនោះបេក្ខជនអាច ប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាបន្ទាន់។ គ.ជ.ប ត្រូវកោះប្រជុំការងារសន្តិសុខដើម្បីដោះស្រាយពាក្យប្តឹងដោយបើកការ ស៊ើបអង្កេត ចាត់វិធានការចាំបាច់តាមគ្រប់រូបភាពដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនបេក្ខជន។ នៅពេលដែលការស៊ើបអង្កេតរកឃើញថា មានការគំរាមកំហែង សន្តិសុខ និងសុវត្ថិភាពដល់បេក្ខជនឈរឈ្មោះបោះឆ្នោត គ.ជ.ប នឹងដោះស្រាយតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត។

លឹម ជាវុត្ថា៖ ជាចុងក្រោយ នៅពេលដឹងចំនួនគណបក្សនយោបាយដែលនឹងត្រូវចូលរួមប្រកួតប្រជែងហើយ តើ គ.ជ.ប នឹងធ្វើអ្វីទៀត?

ឌឹម សុវណ្ណារុំ៖ នៅណាដែលការចុះបញ្ជី ការទទួលស្គាល់ និងដឹងចំនួនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតរួចរាល់ហើយ គ.ជ.ប នឹងរៀបចំពិធីចាប់ឆ្នោត ជ្រើសរើសលេខរៀងគណបក្សនយោបាយជាផ្លូវការ ដើម្បីងាយស្រួល សម្រាប់ប្រជាពលរដ្ឋស្គាល់ ចំណាំ នឹងទៅបោះឆ្នោតជូនគណបក្សនោះដែលខ្លួនស្រលាញ់ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ ក្រៅពីនេះនៅមានការងារជាច្រើនទៀតដែលត្រូវបំពេញ៕