(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍​ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី​ ១២​ ខែឧសភា​ ឆ្នាំ២០១៨ នេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ​លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមចំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ ឯកឧត្តម​ អៀវ​ បណ្ណាសិទ្ធ​ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ​ និងលោកជំទាវ​ ចំពោះមរណភាពរបស់ឯកឧត្តម​ អៀវ​ បណ្ណាការ​ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានទទួលមរណភាព​ កាលពីវេលាម៉ោង​ ២០៖៤០​ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្នុងជន្មាយុ​ ៨៩ឆ្នាំ ដោយជរាពាធ ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូន​ ចំពោះ ឯកឧត្តម​ អៀវ​ បណ្ណាសិទ្ធ​ និងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារ​ ដែលបានបាត់បង់​បិតា​ ជីតា​ ជីតាទួត​ ជាទីស្រឡាញ់ស្មើជីវិត​ ប្រកបដោយព្រហ្មវិហារធម៌​ ទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា​ និងជាឥស្សរជនខ្មែរមួយរូប​ បានរូមចំណែកបម្រើជាតិ​មាតុភូមិ​ និងប្រជាជនកម្ពុជា​ និងបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ​ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ​ ឯកឧត្តម​ អៀវ​ បណ្ណាការ​ បានចាប់កំណើតក្នុងសុគតិភព​ កុំបីឃ្លៀងឃ្លាតឡើយ៕