(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានណែនាំដល់ក្រុមការងារ គណបក្សឃុំ និងមេក្រុមបក្សចុះឲ្យជាប់ដល់គ្រួសារបក្ស និងសមាជិកបក្ស និងចលនាប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។
លោកណែនាំដល់មន្ត្រីបក្សយ៉ាងដូច្នេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយមេក្រុមបក្សនៅឃុំច្រនាង និងប្រជុំបូកសរុបការងារបក្សស្រុកបារាយណ៍ប្រចាំខែ កាលពីព្រឹក និងរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។
ក្នុងពិធីជួបសំណេះសំណាលនាពេលព្រឹក លោក ថោង ខុន បានជម្រាបជូនអង្គពិធីពីការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបាននាំមកនូវសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាគន្លឹះជាមូលដ្ឋានក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីតែងគិតគូរ និងសម្រួលដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករនិយោជិត និងប្រជាពលរដ្ឋមូលដ្ឋាន។
តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាមានសុខសន្តិភាពពេញលេញ ចាប់ពីឆ្នាំ១៩៩៨ និងបានបង្រួបបង្រួមជាតិ និងចាប់ដៃគ្នាកសាងអភិវឌ្ឍប្រទេសជាតិ រហូតមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ។ កម្ពុជាជាប្រទេសប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងជាប្រទេសប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ការរំលាយគណបក្សសង្គ្រោះជាតិរបស់តុលាការកំពូល គឺជាការអនុវត្តច្បាប់ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការពារដ្ឋធម្មនុញ្ញនៅកម្ពុជា។ លោកថា ប្រទេសជាច្រើនលើសកលលោកដែលស្រលាញ់ និងប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងសន្តិភាព (ដូចអ្វីដែលកម្ពុជាបាននិងកំពុងអនុវត្ត) បានគាំទ្រចំពោះដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានដូចជា ចិន រុស្សី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា បារាំង តួកគី អូស្ត្រាលីជាដើម។ ប្រទេសទាំងអស់នេះជាប្រទេសដែលស្រលាញ់សន្តិភាព និងចង់រៀបចំសណ្តាប់ធ្លាប់ពិភពលោកឲ្យបានល្អឡើងវិញ។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវការសន្តិភាព និងការអភិវឌ្ឍ ហើយកត្តាសំខាន់ គឺសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពួកគាត់ ដែលបច្ចុប្បន្នមានការកើនឡើង។ អ្នកដែលឃោសនាញុះញង់បំផុសបំផុលប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត គឺជាអំពើខុសច្បាប់។ ក្នុងច្បាប់រដ្ឋធម្មនុញ្ញ ការទៅបោះឆ្នោតគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សណា គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា និងសមាជិកបក្សប្រជាជនប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជននាំមកនូវសុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យពួកគាត់បានរស់នៅក្នុងភាពសុខសាន្តរៀងរាល់ថ្ងៃ។
លោក ថោង ខុន បានផ្តាំផ្ញើដល់ក្រុមការងារ គណបក្សឃុំ សាខាបក្សភូមិ និងមេក្រុមបក្ស បន្តចូលរួមរក្សាការពារសន្តិភាព និងសមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល និងបន្តយកចិត្តទុកដាក់គ្រប់គ្រងសមាជិកបក្ស គ្រួសារបក្ស ក្រុមបក្ស និងយុវជនអោយបានល្អ ខិតខំធ្វើអំពើល្អ ដឹងសុខទុក្ខប្រជាពលរដ្ឋ ខិតខំប្រមូលកម្លាំងប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនឲ្យបានកាន់តែច្រើន ពិសេសត្រូវចុះឲ្យដល់គ្រួសារបក្ស និងជួបប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋគ្រប់រូប ហើយមេឃុំ ស្មៀនឃុំ មន្ត្រីឃុំ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ។
ជាងនេះទៀត ក្នុងពេលប្រជុំត្រួតពិនិត្យការងារបក្ស លោក ថោង ខុន ក៏បានណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងគណបក្សស្រុក ឃុំ ភូមិ ត្រូវរួមសហការគ្នា ត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អងទាំមធ្យោបាយ សម្ភារៈ និងថវិកា ដើម្បីបម្រើដល់យុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ខាងមុខ និងចលនាសមាជិកបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា៕