(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈពង្រឹងចុះជួយឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញបំពាក់មេដាយការជាតិជូនអតីតយុទ្ធជនចំនួន៤០នាក់។ នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។
បន្ទាប់ពីបានផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជារួចមក នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានសុំឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ពេលមានធុរៈ ឬមានភាពមិនប្រក្រតីអ្វីមួយកើតឡើង នៅមូលដ្ឋានខ្លួនត្រូវទូរស័ព្ទប្រាប់ មេប៉ុស្តិ៍រដ្ឋបាលឃុំ ដែលជាប្រធានសាខា ស.អ.ក ឃុំភ្លាម។
នាយឧត្តមសេនីយ៍ ក៏បានណែនាំ និងផ្ដាំផ្ញើដល់សមាជិកសមាគមទាំងអស់ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ជាមួយគ្នានេះ អតីតយុទ្ធជននៅឃុំគោកចកទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ ក្នុងពេលដែលពួកគាត់កំពុងលំបាក ធ្វើឲ្យការរស់នៅរបស់ពួកគាត់មានភាពកក់ក្តៅឡើងវិញ ហើយពួកគាត់មិនស្តាប់តាមការញុះញង់របស់ សម រង្សី ដែលមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះទេ គាត់នឹងនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយបោះជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេច ហ៊ុន សែន ជាប្រធាន៕