(ប៉ៃលិន)៖ ប្រជាពលរដ្ឋខេត្តប៉ៃលិន សម្តែងការប្រតិកម្មខ្លាំងៗចំពោះព័ត៌មានវិទ្យុអាស៊ីសេរី ដែលបានចេញផ្សាយចោទប្រកាន់ថា ប្រជាពលរដ្ឋនៅព្រំដែនតំបន់អតីតខ្មែរក្រហមផ្តាច់ខ្លួន នៅខេត្តប៉ៃលិន ព្រមានធ្វើពហិការទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលប្រព្រឹត្តទៅនៅខែកក្កដាខាងមុខ។
ការប្រតិកម្មខ្លាំងរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិនខាងលើនេះ ធ្វើឡើងនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងឱកាសលោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៣,៥៦៧នាក់ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន, ប្រជាពលរដ្ឋក្នុងស្រុកសាលាក្រៅ និងសង្កាត់អូរតាវ៉ៅ។
ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមកម្មវិធីនេះ, បានបញ្ចេញអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងក្លា ចំពោះវិទ្យុអាស៊ីសេរី ដោយបាននាំគ្នាមកស្នើសុំលោក អ៉ី ឈាន ជួយដល់ពួកគាត់ ប្តឹងតវ៉ាអំពីការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី ដែលបានផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ថ្មីៗនេះ
ការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិតដែលថា ប្រជាពលរដ្ឋខេត្តប៉ៃលិន នឹងធ្វើពហិការមិនចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គឺជាចេតនាអាក្រក់របស់វិទ្យុមួយនេះដែលតែងតែចង់ឲ្យខ្មែរបែកបាក់សាមគ្គីជាតិ បំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ ជាពិសេសការផ្សព្វផ្សាយនេះមានបំណង រារាំងប្រជាពលរដ្ឋមិនឲ្យទៅចូលរួមបោះឆ្នោត។
បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ សូមធ្វើការថ្កោលទោសចំពោះបុគ្គលដែលបានសរសេរ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ព្រមទាំងបានប្តេជ្ញាចិត្តព្រមៗគ្នា នឹងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាពេលខាងមុខគ្រប់ៗគ្នា ដើម្បីបំពេញកិព្វកិច្ចជាពលរដ្ឋល្អ និងឆន្ទ:ពិតប្រាកដតាមរយៈការបោះឆ្នោត ប្រកបដោយតម្លាភាព សេរី យុត្តិធម៌ និងប្រជាធិតេយ្យ ព្រមទាំងចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាព និងកាអភិវឌ្ឍន៍ ដែលប្រទេសជាតិមានដូចសព្វថ្ងៃនេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយបងប្អូនទូទាំងខេត្តប៉ៃលិន បានអះអាងចំពោះលោក អ៉ី ឈាន ថាពួកគាត់នឹងទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅការអភិវឌ្ឍន៍ជានិច្ចនិរន្តន៍៕