(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ បានអំពាវនាវឲ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា រក្សាឲ្យបាននូវ សន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសគឺមិនត្រូវស្តាប់ ឬជឿពាក្យញុះញុងរបស់ ជនអគតិមួយចំនួន ដែលកំពុងឃោសនា មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ព្រោះការឃោសនាបែប នេះជាទង្វើផ្ទុយនឹងច្បាប់។
ការអំពាវនាវរបស់លោក ប៉ា សុជាតិវង្ស បានធ្វើឡើងខណៈលោក បានអញ្ជើញជួបសួរសុខទុក្ខ និងមានមតិសំណេះសំណាល ជាជួយសមាជិកគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួម ពីលោក ពេជ្រ កែវមុនី ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ លោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ព្រមទាំងសមាជិក សមាជិកា និង ក្រុមការងារចុះជួយក្នុងមូលដ្ឋាន ក្នុងខណ្ឌមានជ័យរបស់គណបក្សប្រជាជនកម្ពុជា ជាច្រើនរួបទៀត ដែលធ្វើឡើងនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស មានមតិស្វាគមន៍សំណេះសំណាល និងបានលើកយកនូវពាក្យពេចន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួម នៅក្នុងកម្មវិធីនេះ។
ទន្ទឹមនឹងនេះ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក៏បានលើកយក វឌ្ឍនភាព និងសន្តិភាពរបស់កម្ពុជា កំពុងទទួលបាននាពេលបច្ចុប្បន្ន ដែលជាមិទ្ធិផលខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ។
ស្របជាមួយគ្នានេះ លោក ប៉ា សុជាតិវង្ស បានអំពាវនាវ ឲ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់សម្រាប់ការចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕