(ព្រៃវែង)៖ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលមាននិន្នាការគាំទ្របក្សប្រឆាំង វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះលោក នេត វន្ថា ប្រធានគណៈពង្រឹងឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានពន្យល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានកុំឱ្យជឿ និងស្តាប់នូវការផ្សព្វផ្សាយរបស់វិទ្យុទាំងអស់នេះ ដែលលើកយកតែចំណុចអវិជ្ជមានមួយចំនួនតូច របស់មន្ត្រីរាជរដ្ឋាភិបាល ជាពិសេស លើការគ្រប់គ្រងរបស់សម្តេចតេជោ ហ៊ុន សែន តែម្តង។ ទាំងនេះវាខុសពីការពិត និងបំផ្លើសបោកប្រាស់ពលរដ្ឋ ឱ្យជឿតាមអ្វីពួកគេបានផ្សព្វផ្សាយ ក្នុងន័យបំផ្លិចបំផ្លាញសន្តិភាពដូចកាល ពីអតីតកាលតែប៉ុណ្ណោះ។
លោក នេត វន្ថា បានថ្លែងបែបនេះ នៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ចុះបិទសន្និបាទការងារឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ការងារបក្សឆ្នាំ២០១៨ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ នៅមន្ទីរគណបក្សឃុំថ្មពូន ដោយមានសមាជិក អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ខុសពីការរំពឹងទុកផងដែរ។
ប្រធានគណៈពង្រឹងរូបនេះ បានបន្តថា សម្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ពួកគេមិនដែលបានផ្សព្វផ្សាយ ពីសកម្មលើការរីកចម្រើន របស់ប្រទេសជាតិនោះទេ ប្រជាពលរដ្ឋនៅទីនេះប្រហែលបានដឹង បានឮហើយថា ប្រទេសកម្ពុជា ទើបតែរួចផុតពីភ្លើងសង្គ្រាម និងបានខិតខំអភិវឌ្ឍពីគំនរផេះផង់ ឱ្យមានការរីកចម្រើនលើកគ្រប់វិស័យ គឺធ្វើយ៉ាងណា បំផុសព័ត៌មាន មួយចំនួនដែលមានចេតនា បំភ័ន្តការពិត មិនចង់ឱ្យពលរដ្ឋបានយល់ដឹង បានឮពីការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ ដោយលើកយកតែមួយជ្រុងមកនិយាយវាយប្រហារតែប៉ុណ្ណោះ។
លោក នេត វន្ថា បានបញ្ជាក់ថា ជាក់ស្តែងកាលពីឆ្នាំ២០១៣ កន្លងមក ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសនៅចងចាំមិនភ្លេច អតីតប្រធានគណបក្ស បានដឹកនាំបក្សពួករបស់ខ្លួនដើរ បំផុស ញុះញង់ប្រជាពលរដ្ឋ រួមទាំងកម្មករ-កម្មការិនី នាំគ្នាធ្វើបាតុកម្មដុតបំផ្លាញរោងចក្រ នាំឱ្យអ្នកវិនិយោគិន បរទេសដកទៅវិនិយោគនៅបណ្តាប្រទេសផ្សេងទៀត ធ្វើឱ្យកម្មករ កម្មការិនីខ្មែរមួយចំនួនធំ បាត់បង់ការងារធ្វើទាំងនេះ។ ជាទង្វើរបស់ក្រុមប្រឆាំង ដែលមានមហិច្ឆតាលោភលន់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយទាំងនេះ មិនបានផ្សព្វផ្សាយលើបញ្ហានេះ ឱ្យមហាជនបានដឹង បានយល់បែរជាមកវាយប្រហាររាជរដ្ឋាភិបាលទៅវិញ។ ទាំងនេះស បញ្ជាក់ឱ្យឃើញថា ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ជាប្រព័ន្ធឃោសនា ដែលគាំទ្រដល់អតីតបក្សប្រឆាំង ដើម្បីទទួលបានផលប្រយោជន៍នៅថ្ងៃណាមួយ។
លោក នេត វន្ថា បានបន្ថែមទៀតថា ផ្ទុយពីការផ្សព្វផ្សាយរបស់វិទ្យុទាំងនេះ កម្ពុជាបានអនុវត្តនូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានអនុញ្ញាត ឱ្យពលរដ្ឋគ្រប់ៗគ្នា មានសិទ្ធិធ្វើសកម្មភាពនយោបាយ បង្កើតអង្គការ សមាគម ព្រមទាំងដើរហើរដោយសេរី មិនដូចអ្វីដែលប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បានឃោសនានោះទេ។ ក៏ប៉ុន្តែបែរជាក្រុមទាំងអស់នេះ បានបិទភ្នែក បិទច្រមុះ ធ្វើមិនដឹងមិនឮទៅវិញ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំថ្មពូន ទាំងមូលបានអះអាងថា ស្របគ្នាថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងនៅពេលបច្ចុប្បន្ន មានផ្លូវខ្វាត់ខ្វែង អាចធ្វើដំណើរ បានយ៉ាងងាយស្រួល មានប្រព័ន្ធទឹក ប្រព័ន្ធមានភ្លើង អាចប្រើប្រាស់បានគ្រប់ទីកន្លែង ហើយបើនៅភ្នំពេញអគារខ្ពស់ៗ រីកដុះដាលដូចផ្សិត។ ពីមុនតាមភូមិ តាមផ្ទះ មានលទ្ធភាពមានទូរទស្សន៍ តែ២ទៅ៣ ផ្ទះទេក្នុងមួយភូមិ អាចមើលព័ត៌មាន អាចមើលអ្វីៗបានក្នុងពេលបច្ចុប្បន្ននេះ៕