(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧៣ នៃការបដិសន្ធិកកងកម្លាំងនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ដែលជាអង្គប្រតិបត្តិច្បាប់ដ៏សំខាន់ មានភារកិច្ចត្រៀមរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃកម្ពុជា។

សារជូនពរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ជំនួសមុខថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននករបាលជាតិ និងរូបលោកផ្ទាល់ សូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសូមចូលរួមជាមួយ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិនៅទូទាំងប្រទេស ដើម្បីអបអរសាទរទិវាខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៨)។

នាយឧត្តមសេនីយ៍អគ្គស្នងការ បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំមិទី្ទញសម្រាប់រំលឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ ប៉ុន្ដែនៅឆ្នាំ២០១៨នេះ អគ្គស្នងការដ្ឋាន មិនបានរៀបចំពិធីនោះទេ ដោយសារមានភាពមមាញឹកក្នុងការធានារ៉ាប់រងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយឆ្នាំនេះ ក៏មានព្រឹត្តិការណ៍សំខាន់ៗ ពិសេសការរៀបចំដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នី​តិកាលទី៦។

តាមរយៈសារជូនពរ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានអំពាវនាវដល់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ត្រូវធានាឲ្យបាននូវសុវត្ថិភាព នៃដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យប្រកបដោយភាពរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានការគំរាមកំហែង។

នាយឧត្តមសេនីយ៍ នេត សាវឿន​ សូមគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែង បំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់៕​

សូមអានខ្លឹមសារលម្អិតនៃសារជូនពរ របស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅខាងក្រោមនេះ៖