(រតនគិរី)៖ ប្រជាពលរដ្ឋមួយចំនួនដែលលក់ដូរតាមកញ្ច្រែង ល្អី នៅក្នុងផ្សារបានលុង ខេត្តរតនគិរី បានលើកឡើងថា លោកឧកញ៉ា សា លាង ដែលជាប្រធានផ្សារបានលុងកំពុងតែអនុវត្តន៍ផ្គើនចំពោះសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានទាយកភាស៊ីពីពួកគាត់ ហើយបានប្រើក្រុមសន្តិសុខផ្សារដកហូត ឬចាក់បន្លែរបស់ពួកគាត់ចោលថែមទៀតផងប្រសិនបើមិនឲ្យថ្លៃភាស៊ីពី ៥០០រៀល ទៅ១០០០រៀលទេនោះ។
សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៦កន្លងទៅ បានសម្រេចលុបចោលការយកភាស៊ីនៅគ្រប់ផ្សារទាំងអស់ ពីប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង ល្អី ក្នុងបំណងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។
តាមរយៈលិខិតផ្ញើជូនអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ដោយសុំលាក់អត្តសញ្ញាណ អាជីវករបានរៀងរាប់ថា លោកឧកញ៉ា សា លាង ដែលជាប្រធានផ្សារមិនបានអនុវត្តន៍តាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នោះឡើយ ហើយនៅតែបន្តយកភាស៊ីពីពួកគាត់ដែលលក់ដូរបន្តិចតានកញ្ច្រែង ល្អី។ ពួកគាត់បានរៀបរាប់ទៀតថា ប្រសិនបើពួកគាត់មិនឲ្យទេនោះ ត្រូវក្រុមសន្តិសុខផ្សារដើរចាក់បន្លែបង្ការបស់ពួកគាត់ ហើយពេលខ្លះរឹបអូសយកកញ្ច្រែងល្អីរបស់គាត់ទៅទុកថែមទៀតផង។
ក្នុងលិខិតនេះប្រជាពលរដ្ឋថែមទាំងបានរៀបរាប់ទៀតថា ឧកញ៉ា សា លាង មិនមែនដើរយកតែភាស៊ីនៅក្នុងបរិវេណផ្សារ ដែលជាតំបន់បានព្រមព្រៀងវិនិយោគក្នុងឆ្នាំ២០០៨នោះទេ (ខាងជើងផ្សារ ៥២ម+៩០ម, ខាងកើតផ្សារ ៧៤ម+៣៧ម, ខាងលិចផ្សារ ៧៤ម+៣៧ម, ខាងត្បូងផ្សារ ៩០ម+៥២ម) ថែមទាំងបានដើរយកភាស៊ីពីការលក់ដូររបស់ប្រជាពលរដ្ឋនៅក្រៅតំបន់វិនិយោគ (តំបន់៤) ថែមទៀតផង។
លោក ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ដែរថា រូបលោកក៏ធ្លាប់ទទួលបានពាក្យបណ្តឹងនេះពីប្រជាពលរដ្ឋផងដែរ។ លោកអភិបាលខេត្តរតនគិរី បានបញ្ជាក់ថា លោកនឹងបង្កើតក្រុមការងារចុះដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ ដោយមិនទុកឲ្យប្រធានផ្សាររូបនេះបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋនោះឡើយ។
ពាក់ព័ន្ធបញ្ហាប្រមូលភាស៊ីផ្សារនេះកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក យិន វិសិដ្ឋ ក៏ធ្លាប់បានចេញដីកាហាមមិនឲ្យឧកញ៉ា សា លាង ដើរយកភាស៊ីពីប្រជាពលរដ្ឋនៅលើតំបន់៤ ដែលជាតំបន់ក្រៅដែនកិច្ចសន្យាវិនិយោគផងដែរ។
ក្នុងលិខិតផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News ប្រជាពលរដ្ឋដែលលក់ដូរតិចតួចបានសម្តែងការអស់សង្ឃឹមចំពោះចំណាត់ការរបស់អាជ្ញាធរខេត្ត ដោយពួកគាត់អះអាងថា ឧកញ៉ា សា លាង មានបង្អែកធំជាមន្រ្តីមានអំណាចចាំជួយអន្តរាគមន៍ដូច្នេះអាជ្ញាធរខេត្តមិនអាចដោះស្រាយបាននោះឡើយលើបញ្ហានេះ។
ក្នុងលិខិតដដែលនេះប្រជាពលរដ្ឋបានសម្តែងការសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន នឹងជួយដោះស្រាយជួនពួកគាត់ និងមានចំណាត់ការលើឧកញ៉ា សា លាង ដែលកំពុងអនុវត្តន៍ផ្ទុយពីសេចក្តីសម្រេចរបស់សម្តេចផងដែរ។
ពាក់ព័ន្ធនឹងការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបំភ្លឺពីខាងឧកញ៉ា សា លាង ជាប្រធានផ្សារបាននៅឡើយនោះទេ៕