(ព្រះសីហនុ)៖ លោក ចាន់ សុភា មេធាវីម្ចាស់ដីស្របច្បាប់របស់ឈ្មោះ រស់ សុវណ្ណវាសនា នៅតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងតែមានវិវាទជាមួយក្រុមហ៊ុនចិន បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រុមហ៊ុនចិននៅតែបន្ដគឃ្លើននឹងដីការក្សាការពារ របស់សាលាឧទ្ធរណ៍ ជាលើកទី២ ដោយចុះទៅដកបង្គោលព្រំដីដែលកំពុងតែមានវិវាទ។
បើតាមលោកមេធាវី ចាន់ សុភា ការគឃ្លើននឹងដីការក្សាការពារ របស់សាលាឧទ្ធរណ៍ជាលើកទី២នេះ បានកើតឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ដោយក្រុមហ៊ុនចិន បាននាំបក្ខពួករបស់ខ្លួនចុះទៅដកបង្គោល និងបំផ្លាញសម្ភារមួយចំនួននៅក្នុងនោះថែមទៀតផង។ ការចុះទៅដកបង្គោលលើកនេះ ហាក់មានលក្ខណៈធំជាងមុន ពោលក្រុមហ៊ុនចិន បានអះអាងថា គេទទួលបានការអនុញ្ញាតពីសមត្ថកិច្ច ក៏ដូចជាមានការចូលរួមពីអន្ដរវិស័យ នៃរដ្ឋបាលខេត្តព្រះសីហនុផងដែរ។
លោក ចាន់ សុភា បានបញ្ជាក់យ៉ាងដូច្នេះថា «កូនក្ដីរបស់ខ្ញុំបានប្រាប់ថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុនចិនបានមកប្រមូលបង្គោលដែលជាភ័ស្ដុតាង នៅលើដីហ្នឹង ដាក់លើឡានទៅអស់។ ហើយក្នុងនោះក៏មានអន្ដរវិស័យរបស់ខេត្ត ចូលរួមជាមួយក្រុមហ៊ុនចិន ហើយក្រុមហ៊ុនក៏ហៅប៉េអឹម មកគំរាមអ្នកចាំដីរបស់កូនក្ដីខ្ញុំផងដែរ»។
ដោយសាររងនូវអំពើអយុត្តិធម៌យ៉ាងដូច្នេះ លោកមេធាវី ដែលជាតំណាងម្ចាស់ដីស្របច្បាប់ បានអំពាវនាវដល់ស្ថាប័នតុលាការ ជួយចាត់ការបន្ដលើកពាក្យបណ្ដឹង កូនក្ដីរបស់លោក ដែលបានប្ដឹងពីបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រឆាំងនឹងដីការក្សាការពាររបស់សាលាឧទ្ធរណ៍ ពីសំណាក់ក្រុមហ៊ុនចិន។ លោកក៏បានបន្ដយ៉ាងទទូច ស្នើអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសប្រមុខនៃរាជរដ្ឋាភិបាល ជួយពិនិត្យ និងដោះស្រាយវិវាទនេះផងដែរ ព្រោះក្រុមហ៊ុនហាក់មិនញញើតច្បាប់ទាល់តែសោះ។
សូមរំលឹកថា រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង១២៖៣០នាទីយប់ ឈានចូលថ្ងៃទី១៥ ខែធ្នូ មានខាងភាគីក្រុមហ៊ុនចិន ចំនួន១០នាក់ បានដកបង្គោលរបងព្រំដែន អស់ចំនួន៧០បង្គោល នៅចំហៀងខាងត្បូងនៃដី។ លុះនៅព្រឹកឡើង ខាងក្រុមហ៊ុនចិន មានគ្នាជិត១០នាក់ បានបន្ដមកដកបង្គោលរបង អស់ចំនួន៤៥ដើម និងបានបំផ្លាញលួសអស់ចំនួន៤ដុំ។
ជាមួយនឹងទង្វើយ៉ាងគឃ្លើន ដោយមិនញញើតច្បាប់ពីសំណាក់ក្រុមហ៊ុនចិនខាងលើនេះ ពលរដ្ឋដែលមានទំនាស់ដីខាងលើនេះ សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយអន្ដរាគមន៍លើបញ្ហានេះផង ដោយសារតែក្រុមជនជាតិចិនទាំងនោះ មិនបានគោរពទៅតាមគោលការណ៍កំណត់របស់សាលាឧទ្ធរណ៍។
សូមជម្រាបថា ជុំវិញដំណើររឿងក្ដីវិវាទរវាងក្រុមហ៊ុនចិន រំលោភដីរបស់ជាមួយប្រជាពលរដ្ឋ នៅតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះ ត្រូវបានសាលាឧទ្ធរណ៍ចេញដីកា សម្រេចរក្សាការពារ ដោយហាមឃាត់មិនឲ្យក្រុមហ៊ុនចិន បន្តឈូសឆាយដីតទៅទៀត។
ដីការបស់សាលាឧទ្ធរណ៍ ដែលសម្រេចរក្សាការពារនោះ បានបញ្ជាក់ថា សម្រេចលុបដីកាសម្រេចអំពីពាក្យសុំតវ៉ា ចំពោះដីកាសម្រេចការពារលេខ ៤៨៥គរ/១៦ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តព្រះសីហនុ ជាអសារបង់ និងតម្កល់ដីកាសម្រេចរក្សាការពារលេខ ៣៩គរ/១៤ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តព្រះសីហនុ ទុកជាបានការដដែល។
ដីការក្សាការពាររបស់សាលាឧទ្ធរណ៍នេះ ត្រូវបានដឹកនាំចុះអនុវត្តដោយ ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និងមានការចូលរួមពីកងរាជអាវុធហត្ថ និងអាជ្ញាមូលដ្ឋានជាច្រើនទៀតផងដែរ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
វិវាទដីធ្លីនេះ កើតឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣ ដោយឈ្មោះ ឡៅ ជូ, ឡៅ តា (ជាក្រុមហ៊ុនចិន) និងគូកនជាច្រើន បានយកគ្រឿងចក្រជាច្រើនដូចជា អាប៊ូលចំនួន២គ្រឿង, អេស្កា ចំនួន៣គ្រឿង, ឡានដឹកដីធុនធំ ចំនួន៨គ្រឿង យកមកឈូសឆាយវិវាទ និងដឹកដីចាក់លើចំការ កិនលុបដើមស្វាយ ចំនួន២០០ដើម និងឈួសបង្គោលរបង ចំនួន៥០បង្គោល ព្រមទាំងគំរាមកំហែងមកលើអ្នកចាំដីចំការរបស់ ឈ្មោះ រស់ សុវណ្ណវាសនា ដែលជាប្រជាពលរដ្ឋរងគ្រោះ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន៕