(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជស្រូវ នៅខេត្តហូណាន នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។
លោករដ្ឋមន្ត្រីកសិកម្មបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជស្រូវ ហ៊ូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា តាមកម្មវិធីដែលបានគ្រោងទុក គណៈប្រតិភូនឹងអញ្ជើញទៅទស្សនកិច្ច និងមានសកម្មភាពដូចខាងក្រោម ៖
*ទី១៖ ទស្សនានៅវិទ្យាល័យបច្ចេកទេសជាន់ខ្ពស់ឡុងភីងនៅគួនសាន និងទស្សនាជនបទកសិករស្ថាបនាថ្មី ។
*ទី២៖ ទស្សនាឧទ្យានឱសថជីវលី យ៉ាង និងឧស្សាហកម្មគ្រប់ពូជ ហ៊ូ ណាម យាន ឈាន់។
*ទី៣៖ ការជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជស្រូវ ហ៊ូណាន ។
*ទី៤៖ ការជួបពិភាក្សាការងារជាមួយអ្នកវិនិយោគទុនចិន ដែលមានបំណងចង់បោះទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ។
*ទី៥៖ ទស្សនារោងចក្រកែឆ្នៃអង្ករ នៅខេត្តហ៊ូណាន ។
*ទី៦៖ ការជួបពិភាក្សាការងារជាមួយលោកអភិបាលខេត្ត ហ៊ូណាន៕