Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការនគរបាលខេត្តឧត្តរមានជ័យ អំពាវនាវឲ្យលោកគ្រូ អ្នកគ្រូ នៅទូទាំងខេត្ត ទៅបោះឆ្នោតឲ្យបានគ្រប់គ្នាៗ និងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន

12-05-2018 16:18

(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ បានជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូចំនួន២៨៤នាក់ ដោយបានអំពាវនាវឲ្យលោកគ្រូអ្នកគ្រូ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជន កម្ពុជា។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយក៏បានលើកឡើងអំពីសភាពការណ៍ថ្មីៗ និងអំពីសមិទ្ធិផលធំៗជាច្រើន ដែលសម្តេចបានខំប្រឹងប្រែងសំរេចបានធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ និងការយកចិត្តទុកដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ។

លោកថា «ដូចថ្ងៃនេះស្រាប់ ទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ ក៏លោកផ្តាំផ្ញើនូវការនឹករលឹកពីចម្ងាយហើយបានផ្ញើជូនលោកគ្រូ អ្នកគ្រូនូវថវិកាក្នុងម្នាក់ៗ ចំនួន៥ម៉ឺនរៀល និងសៀវភៅ ក្រមង៉ុយ និងបណ្ឌិតអ៊ូចុង ចំនួន០២ក្បាលផងដែរ»

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានកោតសរសើរ និងអរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន ដល់សិស្សានុសិស្សតាំងពីប្រាក់បៀវត្សរ៍នៅតិច និងខ្វះអគារសិក្សារហូត ដល់បច្ចុប្បន្នប្រាក់បៀវត្សរ៍ខ្ពស់ និងអគារសិក្សាគ្រប់គ្រាន់ រួមទាំងអាគារទីចាត់ការដ៏ស្រស់ស្អាតថែមទៀត។ លោកស្នងការសុំឲ្យលោកគ្រូ អ្នកគ្រូជួយតុបតែង ដាំដើមឈើ សម្អាតអនាម័យ រួមគ្នា ថែរក្សាទ្រព្យសម្បត្តិដ៏មហាសាលនេះ៕