(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំង តាមចាប់ជនសង្ស័យចំនួន៧នាក់ ដែលបានជាប់ពាក់ព័ន្ធនឹងករណី ឆក់កាបូប ពីស្ដ្រីជនជាតិចិនម្នាក់ ដែលកំពុងដើរផ្លូវ នៅចំណុចមុខយានដ្ឋាន «អារុណរះ» ស្ថិតនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់មកអង្គភាព Fresh News នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះថា ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ លោកបានបញ្ជាឲ្យកម្លាំងជំនាញផែនព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញា និងទីកន្លែងស្នាក់នៅ របស់ពួកគេទើប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ ដើម្បីចុះទៅកន្លែង ដែលពួកគេស្នាក់នៅ ហើយធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួន០៧នាក់។
ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ LI YINYU ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខៈ G៥៨៧៧០៥១៤ ស្នាក់នៅកាស៊ីណូ «ជិនប៉ី» ក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ សម្ភារៈបាត់បង់រួមមាន៖ កាបូបដៃ ០១ពណ៌ខ្មៅ, លុយដុល្លារជាង១ពាន់ដុល្លារ, លុយចិន ៣,០០០YUAN, លិខិតឆ្លងដែន ០២ច្បាប់, ប័ណ្ណបើកបរ ០២សន្លឹក, នាឡិកាដៃ ០១គ្រឿង ពណ៌លឿង និងកាតមួយចំនួន។
ចំណែកជនសង្ស័យទាំង៧នាក់ ខាងលើនេះ រួមមាន៖
១៖ ឈ្មោះ រ៉ា ណារ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសំបូមាស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល (ជនដៃដល់បើកម៉ូតូ)។
២៖ ឈ្មោះ គឹម កុសល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅសង្កាត់ច្រាំងចម្រេះ គីឡូលេខ១០ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជនដៃដល់ជិះពីក្រោយឆក់)។
៣៖ ឈ្មោះ ម៉ៃ សុគន្ធបញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ (សហចារី)។
៤៖ ឈ្មោះ លី ប៊ុនណាន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (សហចារី)។
៥៖ ឈ្មោះ ច័ន្ទ ដាវី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (សហចារី)។
៦៖ ឈ្មោះ សុខ វណ្ណឌី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (សហចារី)។
៧៖ ឈ្មោះ ម៉ាច វុទ្ធី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (សហចារី)។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ កាបូបដៃ១ពណ៌ខ្មៅ, លុយដុល្លារ ១៥០ដុល្លារ, លុយចិន៥០០YUAN, លិខិតឆ្លងដែន២ច្បាប់, ប័ណ្ណបើកបរ២សន្លឹក, នាឡិកាដៃ១គ្រឿង ពណ៌ លឿង, ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE7 PLUSH ពណ៌ខ្មៅ, កាតមួយចំនួន ម៉ូតូ៣គ្រឿង, ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១GZ-៧៤៩៥, ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១GO-៥២៧៨ និងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ១FK-៧០៤៣(ជាមធ្យោបាយធ្វើសកម្មភាព)។ បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ និងវត្ថុតាង ខាងលើនេះ ត្រូវបានកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី។
ជាមួយគ្នានេះ នៅក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ក៏បានបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកអនុសេនីយ៍ទោ ផាត់ សោភ័ណ នាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។
បើតាមមន្ដ្រីនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ប្រាជ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ខេត្ត-ក្រុងព្រះសីហនុ។ ដកហូតបានម្សៅក្រាមពណ៌ថ្លា២៥កញ្ចប់ ទូរស័ព្ទ១គ្រឿង៕