(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពជា លោក ពេជ្រ ស្រស់ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ បានចាត់ទុកការប្រមាថរបស់មេដឹកនាំចលនាសង្គ្រោះជាតិ គឺទណ្ឌិត សម រង្ស៉ី មកលើគណបក្សដែលចូលរួមក្នុងការបោះឆ្នោតនោះថា ជាការរើសអើងគណបក្សនយោបាយ និងរំលោភរដ្ឋធម្មនុញ្ញរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ការបញ្ជាក់របស់ប្រធានគណបក្សរូបនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានប្រមាថគណបក្សនយោបាយទាំងអស់ដែលបានត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅចុងខែកក្កដាខាងមុខនេះ ថាជាគណបក្សតិរច្ឆាន និងជាគណបក្សអំពិលអំពែក។
ទណ្ឌិតរូបនេះ បានបញ្ជាក់នៅលើបណ្តាញសង្គមកាលពីរសៀលថ្ងៃទី១១ ខែឧសភា ម្សិលមិញថា «ជម្រើសក្នុងការបោះឆ្នោតថ្ងៃ២៩ កក្កដា ២០១៨៖ មានតែគណបក្សតិរច្ឆាន និងគណបក្សអំពិលអំពែកទេដែលចូលប្រកួត។ មួយណាក៏គ្រោះថ្នាក់ និងអន្តរាយដូចគ្នា។ កុំទៅបោះឆ្នោត ល្អជាង!»។
ឆ្លើយតបនឹងការប្រមាថនេះ លោក ពេជ្រ ស្រស់ បានច្រានចោលនូវការមាក់ងាយដោយ លោក សម រង្ស៊ី ។ លោកលើកឡើងថា «ការប្រើពាក្យប្រមាថមកលើគណបក្សដែលចូលរួមការបោះឆ្នោតខាងមុខ របស់អតីតមេបក្ស CNRP គឺជាការរើសអើងគណបក្សនយោបាយ និងរំលោភច្បាប់រដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ហើយសម្តីរបស់អតីតមេបក្សរូបនេះមិនសមជាមេដឹកនាំនយោបាយនោះឡើយ»។
លោកបានបន្តថា «លោក សម រង្ស៊ី កំពុងស្លរឈាម ពេលឃើញ គណបក្សនយោបាយ ជាច្រើនកំពុងដាក់ពាក្យប្រកួតប្រជែងនៅថ្ងៃបោះឆ្នោតខាងមុខ ទើបអតីតមេបក្សរូបនេះប្រើសម្តីដូចក្មេងពាល និងជាមនុស្សខ្វះសីលធម៌នៅក្នុងខ្លួនបែបនេះ»៕