(ស្វាយរៀង)៖ ពិធីសម្ពោធសមិទ្ធផលនានា និងបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តពោធិ៍ថ្មី ហៅវត្តដក់ពរ ស្ថិតនៅភូមិដក់ពរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលចំណាយថវិកាសាងសង់អស់ ចំនួន៣១៤.៦៦៨.០០០រៀល ស្នើនឹងប្រមាណជិត៨ម៉ឺនដុល្លារអាមេរិក ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក សៅ សុខា ​អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុក​រមាសហែក​ ខេត្ត​ស្វាយរៀង​ និងមានការចូលរួមពីសំណាក់ ​លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារ ចុះជួយតាមបណ្តាឃុំ ភូមិ នៅក្នុងស្រុករមាសហែក​ជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក សៅ សុខា បានលើកឡើងថា សមិទ្ធផលដែលត្រូវបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺមិនអាចកាត់ផ្ដាច់បានពីកត្ដាសន្ដិភាពនោះឡើយ ហើយសន្ដិភាពសព្វថ្ងៃនេះ ក៏បានកើតមានឡើងដោយការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

បើតាមលោក សៅ សុខា ដើម្បីរក្សាសន្ដិភាព និងការអភិវឌ្ឍដែលកំពុងមានដូចសព្វថ្ងៃនេះ សូមប្រជាពល​​រដ្ឋ​ទៅ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខ ដើម្បីបន្តការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាតទៅមុខ៕