(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ សាខាកាក​បាទក្រហមខេត្តស្វាយរៀង បានចែកជា២ផ្នែកផ្សេងៗគ្នា ដើម្បីនាំយក​អំណោយមនុស្សធម៌ ទៅ​ចេញជូនពលរដ្ឋ ដែល​រងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២៩គ្រួសារ នៅស្រុករំដួល និងស្រុកចន្ទ្រា ដើម្បីជាការឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ ដែលកំពុងតែជួបប្រទះនូវការលំបាក ហេតុការណ៍ដ៏គួរឲ្យសោកស្តាយមួយនេះបានកើតឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

ផ្នែកទី១៖ ដឹកនាំដោយលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមខេត្តស្វាយរៀង បាន​ដឹកនាំក្រុម ការងារនាំយកអំណោយមនុស្សធម៌របស់​កាកបាទក្រហម ទៅចែកជូនគ្រួសារ ដែល​រងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះទាំងស្រុង៨ខ្នង ប៉ះពាល់មួយផ្នែក៤ខ្នង សរុបទាំងអស់១២ខ្នង នៅស្រុករំដួល ដែលមកពីឃុំជ្រុងពរពេល៧គ្រួសារ ឃុំសង្កែ៣គ្រួសារ និងឃុំស្វាយចេក ២គ្រួសារ ។

ហើយនៅក្នុងឱកាសនោះលោក ម៉ែន វិបុល ក៏បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយចំពោះ ឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់បងប្អូន ដែលបង្ករដោយគ្រោះធម្មជាតិ នាពេលនេះ។

ផ្នែកទី២៖ ដឹកនាំដោយលោកស្រី ដួង វណ្ណា អនុប្រធានកិត្តិ​យសសាខាខេត្តស្វាយរៀង ក៏បានបន្តនាំយកអំណោយ​មនុស្សធម៌ចែក​ជូនគ្រួសារ​រងគ្រោះដោយ​សារខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះទាំងស្រុង៩ខ្នង ហើយប៉ះពាល់មួយផ្នែក៨ខ្នង សរុប១៧ខ្នង នៅស្រុកចន្ទ្រា មកពីឃុំចន្ទ្រា ១៤គ្រួសារ ឃុំទួលស្តី ៣គ្រួសារ។

ចំពោះអំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះទាំងស្រុង ១៧ គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម កៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងដាំបាយ សម្ល២ កន្ទេលបត់១ មី១កេស ទឹកស៊ីអ៊ីវ១យួ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់មាន មុង១ ភួយ១ ក្រម៉ា១ សារុង១ និងថវិកា ២០០,០០០ រៀល ។

ចំពោះគ្រួសារប៉ះពាល់មួយផ្នែក ១២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម កន្ទេលបត់១ មី១កេស ទឹកស៊ីអ៊ីវ១យួ ត្រីខ១០កំប៉ុង ឃីត១ កញ្ចប់មាន មុង១ ភួយ១ ក្រម៉ា១ សារុង១ និងថវិកា ៥០,០០០រៀល ។ ឧបត្ថម្ភដល់ទារកអាយុ៣ខែ ២ នាក់ក្នុងម្នាក់ថវិកា ១០០,០០០ រៀល ឧបត្ថម្ភថវិកា ៥០០,០០០ រៀល ដល់លោកយាយ ម៉ា សឿង អាយុ៨៣ឆ្នាំ ដែលរងរបួស សម្រាប់ព្យាបាលជម្ងឺ ៕