(ព្រះវិហារ)៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ បានធ្វើការប្រជុំត្រួតពិនិត្យចំនួនទ័ព ត្រួតពិនិត្យសម្ភារៈ មធ្យោបាយ និងបានប្រមូលកម្លាំងសម្រាប់ត្រៀមហ្វឹកហ្វឺនការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦ ឆ្នាំ២០១៨ខាងមុខនេះ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រៀង នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជការកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងមេបញ្ជាការរងផងដែរ។

លោកឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រៀង បានថ្លែងថា កងកម្លាំងប្រដាប់អាវុធជាតិត្រូវមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនគណបក្សនយោបាយ ដែលបានចុះឈ្មោះស្របតាមច្បាប់នៅក្រសួងមហាផ្ទៃ ជូនបេក្ខជនតំណាងរាស្ត្រ តាមគណបក្សនយោបាយនីមួយៗ ជាពិសេសជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទៅបោះឆ្នោតនៅតាមការិយាល័យ។

នាយរងសេនាធិការ បានបន្តថា ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ពិសេសត្រួតពិនិត្យមើលសម្ភារៈ មធ្យោបាយ និងត្រូវហ្វឹកហ្វឺនរៀនសូត្រចាប់ពីថ្ងៃនេះតទៅ ធ្វើយ៉ាងណារក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោតឲ្យទទួលបានជោគជ័យ និងត្រូវទប់ស្កាត់ឲ្យបាន ការប្រមូលផ្តុំកម្លាំងខុសច្បាប់ណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនេះ៕