(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពីរដូវបិទនេសាទឆ្នាំ២០១៨ ដោយកំណត់ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា។
សេចក្តីជូនដំណឹងដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋបាលជលផលបានឲ្យដឹងថា រដូវបិទនេសាទនៃការនេសាទ នៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម៖
* ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដា ចំពោះដែននេសាទ ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ ដែលរួមមានខេត្តទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្តាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធានីភ្នំពេញ និងខេត្តកណ្តាលផ្នែកខាងជើងចតុម្មុខ។
*ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ចំពោះដែននេសាទដែលស្ថិតខាងត្បូងខ្សែស្របទន្លេចតុម្មុខ ដែលរួមមាន រាជធានីភ្នំពេញផ្នែកខាងត្បូងចតុម្មុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងស្វាយរៀង៕