(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា ធនធានមនុស្ស គឺជាកត្ដាមិនអាចខ្វះបានឡើយ នៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។
ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុង ពិធីបិទ វគ្គបណ្ដុះបណ្ដាល កម្មវិធី អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ វគ្គទី៧, ៨, ៩, ១០ នៅទីស្ដីការក្រសួងបរិស្ថាន ដែលមានសិក្ខាកាម ជាសិស្ស និស្សិត មន្ដ្រីរាជការ ចូលរួម ជាង៦០០នាក់ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ។
ថ្លែងនៅក្នុងពិធីនោះ លោកស្រី ម៉ែន សំអន បានថ្លែងប្រាប់ ក្មួយៗ និស្សិត ដែលចូលរួមថា ប្រទេសនីមួយៗ អាចរីកចម្រីនទៅមុខបាន ដោយសារតែមានបញ្ញវន្ត ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដើម្បីធ្វើការគិតគូរ ដោះស្រាយរាល់បញ្ហា និងដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ។
លោកស្រី ម៉ែន សំអន បានលើកឡើងថា បញ្ញវន្តជាអ្នកផ្តល់នូវចំណេះដឹង ជំនាញការអប់រំដល់ប្រជាជនទាំងឡាយ តាមរយៈមេរៀនសៀវភៅ អក្សរសិល្ប៍ ឯកសារស្រាវជ្រាវ បច្ចេកទេស និងរបកគំហើញ វិទ្យាសាស្ត្រនានា។
លោកស្រីថា ភាពសម្បូរបែប នៃបញ្ញវន្ត របស់ប្រទេសនីមួយៗ ជាកម្លាំងចលករដ៏ខ្លាំងក្លា រួមចំណែកក្នុងការដឹកនាំសង្គមជាតិ ខាងផ្នែកបញ្ញាញាណ និងជាកត្តាធានានូវសមត្ថភាព ដណ្តើមប្រៀបឈ្នះ របស់ប្រទេសជាតិ និងនាំប្រទេសទៅរកវិបុលភាព។
លោកស្រីបន្ដថា វគ្គបណ្តុះបណ្តាលនេះ ជាការរៀបចំបែបថ្មីមួយ ដែលមានប្រធានបទ ប្រទាក់ក្រឡាគ្នា និងមានខ្លឹមសារស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ដែលអាចផ្តល់ឱកាស ឲ្យគ្រាប់ពូជថ្មី ក្រេបជញ្ជក់យក នូវចំណេះដឹង ពីឥស្សរជនរាជរដ្ឋាភិបាល តំណាងគណបក្ស ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាធិការ និងសាស្ត្រាចារ្យ ដែលមានបទពិសោធន៍ខ្ពស់ ទាំងផ្នែកចំណេះដឹង និងការងារអនុវត្តផ្ទាល់កម្រិតបណ្ឌិត និងមានចំណេះដឹងជ្រៅជ្រះ ដែលបាននិងកំពុងបម្រើកិច្ចការមាតុភូមិ និងលើឆាកអន្តរជាតិ ដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ទេរនូវពុទ្ធិ និងប្រព័ន្ធគំនិតថ្មីៗ សម្រាប់សិក្ខាកាមទាំងអស់។
លោកស្រី បានបន្ដទៀតថា ការរៀបចំវគ្គនេះ ធ្វើឡើងស្របគ្នា ជាមួយវគ្គអប់រំនយោបាយ ដែលរៀបចំឡើងដោយគណៈកម្មាធិការកណ្តាលគណបក្ស ដើម្បីបំពេញបន្ថែម និងផ្តល់ឱកាស ឲ្យយុវជន បានរៀនសូត្រកាន់តែ ច្រើនឡើងបន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ការងារ នយោបាយរបស់ជាតិនាពេលខាងមុខ និងធានាឲ្យបានស្ថិរភាពនយោបាយរបស់ប្រទេស នាពេលបច្ចុប្បន្ន និងថ្ងៃអនាគតឲ្យបានល្អ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានថ្លែងថា គោលបំណងនៃការរៀបចំ វគ្គបណ្តុះបណ្តាលនៃកម្មវិធី «អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ»នេះ គឺផ្តល់ឱកាសឲ្យយុវជនបន្តវេន យល់ដឹងអំពីទិដ្ឋភាពនយោបាយ មានសមត្ថភាពវិភាគ វាយតម្លៃព្រឹតិ្តការណ៍នយោបាយ ចេះបកស្រាយ ពន្យល់ដល់សាធារណៈមតិ និងយល់ដឹងច្បាស់លាស់ អំពីគណបក្ស ដើម្បីកសាងកម្លាំងយុវជនគាំទ្រគណបក្សពិតប្រាកដ។
លោក សាយ សំអាល់ បានលើកឡើងផងដែរថា ដោយឈរលើមូលដ្ឋាន ទស្សនទាននយោបាយ សង្គម និងមនោគមវិជ្ជា សំដៅប្រែក្លាយ ទៅជាជួរសកម្មជន យុវជនឈានមុខ មានសមត្ថភាព មានការទទួល ខុសត្រូវក្នុងសង្គម និងបន្តកសាងកម្លាំង មហាជនដ៏មានសក្តានុពល ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា។
លោកថា ការបណ្តុះបណ្តាលនេះ ជំរុញ និងលើកទឹកចិត្ត សកម្មជនយុវជនឲ្យក្លាយទៅជាធនធាន ប្រកបដោយសក្តានុពល ដើម្បីចូលរួម ធ្វើជាឃោសនិក ឬ/និង ជាវាគ្មិន នៅក្នុងវេទិកា ឬ កិច្ចពិភាក្សាដេញដោល មតិជាសាធារណៈ និងអាចវិភាគបានកាន់តែស៊ីជម្រៅ លើដំណើរវិវត្តន៍នយោបាយ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្ថែមទៀតថា ការបណ្តុះស្មារតីស្នេហាជាតិ ស្នេហាប្រជាជនប្រកប ដោយជំនឿការជឿជាក់ មកលើរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន និងទៅអនាគត ដែលក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី៕