(ព្រៃវែង)៖ លោក នេត វន្ថា ប្រធានគណៈពង្រឹងមូលដ្ឋានឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង នៅថ្ងៃនេះ បានពន្យល់ដល់ ប្រជាពលរដ្ឋ នៅទូទាំងឃុំទាំងអស់ កុំចាញ់បោក អតីតសកម្មជន ថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលដើរឃោសនា មូលបង្កាច់មកលើ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបំផុសប្រជាពលរដ្ឋ កុំឱ្យទៅបោះឆ្នោត។
លោក នេត វន្ថា បានថ្លែងបែបនេះ នៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ចុះបិទសន្និបាទការងារឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ការងារបក្សឆ្នាំ២០១៨ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ នៅមន្ទីរបក្សឃុំថ្មពូន ដោយមានសមាជិក អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ខុសពីការរំពឹងទុកផងដែរ។
ប្រធានគណៈពង្រឹងមូលដ្ឋាន បានបន្តថា នៅពេលថ្មីៗនេះ មានអតីតសកម្មជនខ្មោចបក្សប្រឆាំងមួយក្តាប់តូច បានដើរញុះញង់ បំផុសថា ការចាប់ខ្លួនលោក កឹម សុខា ជាមេកើយរបស់ខ្លួនជាចេតនានយោបាយ ដើម្បីលុបបំបាត់ បក្សរបស់ខ្លួន មិនឱ្យ ចូលរួមបោះឆ្នោត នៅចុងខែកក្កដាខាងមុខនេះ។ ប៉ុន្តែលោកបានពន្យល់ ទៅពលរដ្ឋមូលដ្ឋានដឹងកាន់តែច្បាស់ថា ការចាប់ខ្លួនលោក កឹម សុខា និងការហាមឃាតថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ គឺធ្វើតាមច្បាប់ដែលបានកំណត់ ដោយសារតែអតីតមេបក្សរូបនេះ បានឃុបឃិតជាមួយបរទេស មានចេតនាផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។
លោក នេត វន្ថា បានជំរុញឱ្យប្រជាពលរដ្ឋ នៅឃុំនេះ កុំចាញ់បោកនូវការឃោសនានានា ដើម្បីកេងចំណេញនយោបាយ ជាពិសេសត្រូវនាំគ្នាចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេជាតិ ឱ្យរីកចម្រើន លើគ្រប់វិស័យ ដូចបច្ចុប្បនេះ៕