(ភ្នំពេញ)៖ តារាចម្រៀង ដែលមានដើមកំណើត នៅខេត្តកំពង់ស្ពឺលោក វង្ស ថាណាន់ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងក្នុងបទ"អត់សង្សារតែមានប្ដី" ក្រោយពីលោកបានច្រៀងលើឆាក ប្រើស្ទីលថ្មីប្លែកប្រចាំខ្លួន ធ្វើឲ្យកក្រើកមិនធម្មតាធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង ទាំងស្ទីលសក់ ស្ទីលតែងខ្លួន និងក្បាច់រាំ។
ស្ទីលដែលលោករំលេចឡើង នៅឆាកហង្សមាសនោះ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ដោយសារលោកឡើងឆាកលើកនេះក្រៅពីច្រៀងប្រូម៉ូដបទថ្មី «អត់សង្សារតែមានប្ដី» ដែលជាបទ Original កំពុងទទួលបានការគាំទ្រហើយ លោកក៍តែងខ្លួនប្លែកភ្នែកផងដែរ។ នេះជាស្ទីលតែងខ្លួន ដែលលោកបង្ហាញខ្លួនជាលើកទី១ ហើយជាការបង្ហាញស្ទីលថ្មី ដែលគេកម្រឃើញ។ លោកក៍បានបង្ហាញក្បាច់រាំយ៉ាងរស់រវើក ក្នុងបទចម្រៀងនោះដែរ ទើបធ្វើអោយម្នាក់ៗសរសើរមិនដាច់ពីមាត់ថា វង្ស ថាណាន់ ដ្បិតថាមុខមាត់ស្រគត់ស្រគំ ប៉ុន្តែនៅពេលច្រៀងរាំបទញាក់ និងបទប្រភេទបែកស្លុយ ក៍មិនអន់នោះដែរ។ ក្នុងនោះបើនិយាយពីស្ទីលតែងខ្លួន ក៍សឹងនឹងត្រលប់តារាកូរ៉េផងដែរ។
លោក វង្ស ថាណាន់ និយាយថា ដោយសារបទ «អត់សង្សារតែមានប្ដី» ជាបទញាក់កន្ត្រាក់អារម្មណ៍លើកដំបូងរបស់ខ្លួន ទើបលោកសម្រេចលេងខ្លួនទាំងសក់ និងការតុបតែងខ្លួនអោយប្លែកភ្នែកដើម្បីរំលេចបទនោះ។ លោកមានអារម្មណ៍សប្បាយចិត្ត ដែលបទញាក់ដំបូងរបស់
លោកមានការទទួលស្គាល់ ហើយមានការគាំទ្រពេញទំហឹង ក្នុងពេលដែលលោកលេងស្ទីលប្លែកភ្នែកនោះផង៕