(ភ្នំពេញ)៖ មន្ទីរពហុព្យាបាលកម្រិតអន្តរជាតិធំមួយ បានប្រកាស ព្យាបាលជំងឺ ដល់ពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ដើម្បីអបអរដល់ពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្យខ្មែរព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី អបអរទិវាបុណ្យម្តាយ អបអរព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ក៏ដូចជាដើម្បីអបអរក្នុងឱកាសបើកសម្ភោធទីតាំងថ្មី ដែលស្ថិតនៅម្ដុំផ្សារដេប៉ូ ដោយគ្រាន់តែលោកអ្នកភ្ជាប់ជាមួយ នឹងឯកសារផ្ទាល់ខ្លួន ហើយទៅចុះឈ្មោះទទួលសេវាកម្មឥតគិតថ្លៃ ចាប់ពីថ្ងៃ១១ ខែឧសភា រហូតដល់ថ្ងៃទី១ មិថុនា ឆ្នាំ២០១៨នេះ។
ការទទួលចុះឈ្មោះ នឹងត្រូវធ្វើឡើងនៅមន្ទីរពហុព្យាបាល ជប៉ុនឡាយហ៍ សាខាចាស់ ដែលស្ថិតនៅម្ដុំឡានទឹកទួលស្លែង នៅផ្ទះលេខ145E0 ផ្លូវលេខ១១៣ កែងនឹងផ្លូវលេខ៣៧៦ ក្នុងសង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការម៉ន រាជធានីភ្នំពេញ។
ដំណឹងដ៏កម្រដែល ទើបប្រកាសឡើងដោយមន្ទីរពហុព្យាបាលកម្រិតអន្តរជាតិមួយនេះ បានបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិត្យជំនាញៗទាំងជនជាតិខ្មែរ និងបរទេស នឹងត្រូវបានដាក់ប្រចាំអោយទទួលព្យាបាល ដោយឥតគិតថ្លៃលើប្រភេទជំងឺ និងសេវាកម្មដែលបានកំណត់ ដើម្បីបង្ហាញអោយឃើញពីគុណភាព និងសេវាកម្មរបស់មន្ទីរពហុព្យាបាលមួយនេះ។
គម្រោងពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនេះ ក៏ត្រូវបានប្រកាសថាមានការសហការជាមួយនឹងសមាគមអ្នកលក់ឱសថកម្ពុជាផងដែរ ដោយប្រភេទជំងឺ និងសេវាកម្ម ដែលគម្រោងផ្ដល់ជូន រួមមាន សេវាកម្ម លាងឈាម ចំនួន ១០០កញ្ចប់ (បញ្ជាក់៖សេវាកម្មលាងឈាម គឺមានការពិនិត្យឈាម ២០មុខ មុន និង ក្រោយលាង ព្រមទាំងទទួលលាងឈាមដោយឥតគិតថ្លៃ) សេវាកម្មពិនិត្យជំងឺទូទៅ និង សេវាកម្មព្យាបាលជំងឺតំរងនោមសរុបចំនួន១០០កញ្ចប់ (បញ្ជាក់: សម្រាប់កញ្ចប់ ពិនិត្យជំងឺទូទៅ និង តំរងនោម រួមមាន ពិគ្រោះជំងឺ និង ពិនិត្យឈាម ២១មុខ ពិនិត្យអេកូ វាស់ចង្វះបេះដូង និង ពិនិត្យដោយម៉ាស៊ីនវិភាគរាងកាយ)៕