(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារ សម្រាប់តាមដាន និងដោះស្រាយភាពអសកម្ម និងការថ្នាំងថ្នាក់ នៅមូលដ្ឋាន របស់ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ក៏បាន​ផ្ដោតលើរបៀបវារៈសំខាន់ៗផ្សេងទៀតផងដែរ គឺការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ និងការពង្រឹងការអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងការអនុវត្តតួនាទីភារកិច្ច របស់លេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក។

​សម្រាប់ក្រុមការងារសម្រាប់តាមដាន និងដោះស្រាយភាពអសកម្ម និងការថ្នាំងថ្នាក់នៅមូលដ្ឋាន​ ត្រូវបាននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមប្រចាំបញ្ជា បានប្រាប់ទៅអភិបាលរាជធានី-ខេត្ត ត្រូវផ្ដល់របាយការណ៍ប្រចាំថ្ងៃ ដើម្បីមានមូលដ្ឋានក្នុងការគ្រប់គ្រង និងបញ្ជាដឹកនាំដោះស្រាយ នាអំឡុងពេលមុន-ក្រោយបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ សំដៅទប់ស្កាត់បានទាន់ពេលវេលា នូវបញ្ហាផ្សេងៗ ដែលជិះឥទ្ធិពលដល់ បរិយាកាស នៃកិច្ចដំណើរការបោះឆ្នោត។

សូមជម្រាបថា សម្ដេចក្រឡាហោម ស​​ ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨​ កន្លងទៅ បានបង្កើនក្រុមការងារប្រចាំបញ្ជា​ សម្រាប់តាមដាន និងដោះស្រាយបាតុភាព អសកម្ម និងការថ្នាំងថ្នាក់នៅក្នុងមូលដ្ឋាន ចាប់ពីខែឧសភា ឆ្នាំ២០១៨ រហូតដល់ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ដែលមាននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ជាប្រធាន និងមានអនុប្រធាន សមាជិក សរុប១១នាក់៕​