(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការសម្រេចឃុំខ្លួន ឬមិនឃុំខ្លួន ឬដាក់ក្រោមការត្រួតពិនិត្យ ជាសមត្ថកិច្ចរបស់តុលាការ។
ការលើកឡើងរបស់ លោក គឹម សន្តិភាពបែបនេះ បានធ្វើឡើងបន្ទាប់ពី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានយកឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា អំពាវនាវឱ្យរាជរដ្ឋាភិបាល លើកលែងទោស ឬដោះលែងឱ្យនៅក្រៅឃុំដល់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។
លោក គឹម សន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា៖ «ការអនុវត្តច្បាប់ ជាការធានានូវសណ្តាប់ធ្នាប់នយោបាយ និងសន្តិសុខសង្គម! ការសម្រេចឃុំខ្លួន ឬមិនឃុំខ្លួន ឬដាក់ក្រោមការត្រួតពិនិត្យ ជាសមត្ថកិច្ចរបស់តុលាការ! តុលាការ ជាអ្នកធ្វើសេចក្តីសម្រេចលើជន ដែលស្ថិតក្រោមយុត្តាធិការរបស់ខ្លួន!»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ៕