(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុនទូរស័ព្ទ ICall and Vfone ដោយសារចាញ់ល្បែងនៅកាស៊ីណូព្រែកចាក ខេត្តកំពត បែកគំនិតកិបកេងប្រាក់ក្រុមហ៊ុនជិតមួយម៉ឺនដុល្លារ ត្រូវម្ចាស់ក្រុមហ៊ុនឃាត់ខ្លួន ប្រគល់ជូននគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នេះ ជនសង្ស័យត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ក្រោមការសន្និដ្ឋានចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត។
នគរបាល បញ្ជាក់ថា ជនសង្ស័យឈ្មោះ ពេជ្រ ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅផ្ទះជួល ម្តុំផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានលោក ប៉េង សាម៉ារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកគ្រប់គ្រងក្រុមហ៊ុនលក់ទូរស័ព្ទ ICall and Vfone នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច។
នគរបាល បន្តថា ឈ្មោះ ពេជ្រ ដារ៉ា បានចូលបម្រើការងារនៅក្រុមហ៊ុនលក់ទូរស័ព្ទនេះ ក្នុងឆ្នាំ២០១៦ មានដំណែងជាអ្នកតំណាងការលក់តាមបណ្ដាខេត្ត។ ក្នុងខែមករា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០១៨ ឈ្មោះ ពេជ្រ ដារ៉ា បានយកទូរស័ព្ទរបស់ក្រុមហ៊ុនចំនួន១៩លើក ទៅលក់ឱ្យអតិថិជនតាមបណ្ដាខេត្ត គិតជាទឹកប្រាក់ចំនួន៨,៤៤៤ដុល្លារអាមេរិក។ ប៉ុន្តែប្រាក់នេះ ឈ្មោះ ពេជ្រ ដារ៉ា មិនបានប្រគល់ជូនក្រុមហ៊ុនទេ ដោយអះអាងថា អតិថិជនជំពាក់ប្រាក់។ ក្រោយការស្រាវជ្រាវទើបដឹងថា ឈ្មោះនេះ បានកិបកេងប្រាក់ក្រុមហ៊ុន ទើបឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្ដង។
ជនសង្ស័យ ពេជ្រ ដារ៉ា សារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានកិបកេងប្រាក់ក្រុមហ៊ុនមែន ដោយបានចាញ់ល្បែងនៅកាស៊ីណូព្រែកចាក ខេត្តកំពត៕