(កំពត)៖ សម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្ត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ សហការជាមួយសប្បុរសជនមកពីប្រទេសសឹង្ហបូរី បាននាំយកធុងចំរោះទឹកស្អាត ចំនួន១៥០ធុង ចែកជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ មកពីសង្កាត់អណ្តូងខ្មែរ ក្រុងកំពត និងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
កម្មវិធីនេះបានប្រារព្ធធ្វើនៅបរិវេណវិហារឥស្លាមភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ក្រោមវត្តមានលោក លី សារី សមាជិកព្រឹទ្ធសភា, លោក ម៉ាត់ សេត អនុប្រធានគណចលនាសាសនិកឥស្លាម គណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាប្រធានសម្ពន្ធ័យុវជនមុស្លីមកម្ពុជាខេត្ត។
ក្នុងនោះក៏មានការចូលរួមពី លោកសប្បុរសជនមកពីប្រទេសសឹង្ហបូរី, លោក អ៊ីត ហ៊ីម អនុប្រធានគណចលនាសាសនិកឥស្លាម គណបក្សប្រជាជនកម្ពុជាខេត្ត និងជាគណៈអ៉ីម៉ាំស្តីទីខេត្ត ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត, លោក លី សាម៉េត សមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ គណៈអ៊ីម៉ាំក្រុងស្រុក អាជ្ញាធរឃុំ ភូមិ គណៈគ្រប់គ្រងវិហារ និងសមាជិកសមាជិកCMYA ខេត្ត។
លោក ម៉ាត់ សេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនមកពីប្រទេសសឹង្ហបុរី ដែលបានធ្វើការសហការយ៉ាងល្អជាមួយ យុវជន CMYA ខេត្តកំពត និងតែងតែឆ្លើយតបរាល់សំណូមពររបស់ក្រុមយុវជន ក្នុងការស្នើសុំក្នុងកិច្ចការមនុស្សធម៌នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងទៅអនាគត។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះទាំងអស់ ត្រូវបន្តថែរក្សាសន្តិភាពឲ្យបាន និងត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹតទៅនាថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ជាមួយគ្នានេះ លោក លី សារី ក៏បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ គ្រប់លំដាប់ថ្នាក់ ដោយការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ របស់សម្តេច ទើបធ្វើឲ្យសង្គមជាតិមានសន្តិភាព ពេញលេញ ប្រជាពលរដ្ឋរស់នៅដោយស្មើរភាពគ្នា មានការគោរពសិទ្ធិ៕