(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំប្រារព្ធពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៥ព្រះវស្សា យាងចូល៦៦ព្រះវស្សា។
ពិធីនេះត្រូវបានរៀបចំឡើងនៅ សាលមហោស្រពសម្តេចតេជោ ក្រុងបានលុង ក្រោមអធិបតីភាព លោក ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត, លោក ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពុទ្ធិបរិស័ទ ប្រជាពលរដ្ឋក្នុងខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក កាកបាទក្រហម កាយរឹទ្ធិយ៉ាងច្រើនកុះករ។
លោកអភិបាលខេត្តរតនគិរី បានអានសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៥ព្រះវស្សា យាងចូល៦៦ព្រះវស្សា។
«ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ដ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជារាស្ដ្រទូទាំងខេត្ដរតនគិរី សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ធ្វើអភិវន្ទនកិច្ចលំឱនកាយក្រាបបង្គំទូលថ្វាយ នូវអំណរសាទររីករាយក្រៃលែង ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្ដឫក្សអធិកអធម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៦៥យាង ចូល៦៦ព្រះវស្សា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ស្ថិតក្នុងបរិយាកាសដ៏មង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម មហោធរៈទេវី តេជៈបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងតេជៈបារមីព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សូមព្រះមេត្ដាជួយប្រោះព្រំគាំពារថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជា ព្រះប្រមុខរដ្ឋ និងជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្ដ្រខ្មែរ ជាកូន-ចៅ របស់ព្រះអង្គបានជ្រកកោនរស់នៅប្រកបដោយ សុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និងរុងរឿងថ្កុំថ្កើងជានិច្ចនិរន្ដរ៍ ដរាបតរៀងទៅ»៕