(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ អញ្ជើញចុះសួរសុខទុក្ខនិងមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ស្ទឹងមានជ័យទី២ ដោយមានការចូលរួមពីលោក ទូច សំអុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី២ ក្រុមការងារសមាជិកគណបក្ស ព្រមទាំងប្រជាពលរដ្ឋចំនួន១៨០នាក់ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឱកាសនោះ លោក ទូច សំអុល គោរពជម្រាបជូននូវរបាយការណ៍ស្តីពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ជូនដល់លោក ពេជ្រ កែវមុនី ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ។
ទន្ទឹមនឹងនេះ លោក ពេជ្រ កែវមុនី មានមតិសំណេះសំណាល និងស្វាគមន៍ ដោយបានលើកឡើងនូវពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និង ក្រោមមារគាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
ជាមួយគ្នានេះដែរលោក ពេជ្រ កែវមុនី ក៏បានចុះសួរសុខទុក្ខលោក ឡាយ ម៉េង ស្រ៊ាង ក្រុមប្រឹក្សាសង្កាត់ និងជាសមាជិកគណៈអចិន្ទ្រៃយ៍ គណបក្សសង្កាត់ស្ទឹងមានជ័យទី២ ដែលមានជំងឺប្រចាំកាយ និងសម្រាកព្យាបាលនៅផ្ទះ។ េជាមួយគ្នានោះ លោក ពេជ្រ កែវមុនី ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល សម្រាប់ព្យាបាលជំងឺ ដល់លោក ឡាយ ម៉េង ស្រ៊ាង ក្រុមប្រឹក្សាសង្កាត់ និងជាសមាជិកគណៈអចិន្ទ្រៃយ៍ គណបក្សសង្កាត់ស្ទឹងមានជ័យទី២ផងដែរ៕