(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកថា លំហាត់ហ្វឹកហ្វឺន គឺជាការងារដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍសមត្ថភាពយោធិន ដែលជាជ្រុងអាទិភាពមួយ នៃការកែទម្រង់ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នាពេលអនាគត។

នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងនាយឧត្ដមសេនីយ៍ បណ្ឌិត ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខណ្ឌ ឲ្យយោធភូមិភាគទី១ ចំនួន៣៤៩នាក់ នៅសាលាពលទាហានទី៥ នៃយោធភូមិភាគទី៥ ខេត្តបាត់ដំបង ។

នាយឧត្ដមសេនីយ៍ បានបន្តថា ក្នុងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាពនូវ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរងបានបន្តថា ការងារហ្វឹកហ្វឺន គឺជាប្រការចាំបាច់បំផុតតម្រូវឲ្យ កងយោធពលខេមរៈភូមិន្ទ នៅគ្រប់កងឯកភាព ត្រូវតែមានការហ្វឹកហ្វឺន ឲ្យបានជាប់ជាប្រចាំលើគ្រប់ជំនាញ ទាំងជំនាញយោធា ចំណេះដឹងទូទៅ ភាសាបរទេស និងជំនាញឯកទេសផ្សេងៗទៀត ដល់កងទ័ព ដើម្បីកងយោធពលខេមរៈភូមិន្ទ មានសមត្ថភាព លទ្ធភាព ក្នុងការចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យបូរណភាព ទឹកដីកម្ពុជាកាន់តែរឹងមាំ និងរីកចម្រើន។

លោកបានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនគុណភាព ហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងជួរកងកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននា ពេលអនាគត ដែលជាកត្តាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ ជោគជ័យ និងនិរន្តិ៍ភាពក្នុងការកែទម្រង់លើគ្រប់វិស័យនៅកម្ពុជា។

លោកបានផ្ដាំផ្ញើដល់ សិក្ខាកាមទាំងអស់ ក្រោយពីបញ្ចប់វគ្គសិក្សាត្រូវយកចំណេះដឹងបំរើជាតិមាតុភូមិ ត្រូវលើកកម្ពស់មនសិការ ស្នេហាជាតិស្មោះត្រង់ ដាច់ខាតចំពោះជាតិគោរពឲ្យបានម៉ឺងម៉ាត់ រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការប្រគល់ជូន ត្រូវសហការថែរក្សាការពារ ឲ្យបានដាច់ខាតនូវសន្តិភាព និងសមិទ្ធផលនានា ក្នុងសង្គមជាតិ ប្រឆាំងដាច់ខាត មិនឲ្យមានបដិវត្តន៍ពណ៍នៅកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារឯករាជ្យអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងចូលរួមសហការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម ថែរក្សាការពារសេចក្ដីសុខសាន្តជូនប្រជាពលរដ្ឋ ឲ្យរស់នៅប្រកបដោយសុខដុមរម្យនា។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់សាលា មានអង្ករ ៥តោន ត្រីខ ២០កេស ស្រាបៀរ ២០០កេស ទឹកសុទ្ធ ២០០កេស មី ២០កេសធំ និងថវិកា ២០លានរៀល ផ្ដល់អគារស្នាក់នៅ១ខ្នង ផ្ដល់កុំព្យូទ័រ៥គ្រឿង ព្រីនធ័រ៥គ្រឿង ព្រមទាំងបានឧបត្ថម្ភ ដល់យោធាចារ្យ២៩នាក់ សិក្ខាកាម៣៤៩នាក់ សិក្ខាកាមពេទ្យ នាយនិងពលទាហានសាលាក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល និងប្រគេនព្រះសង្ឃវត្តបទសាលាបច្ចយ័៥លានរៀល ផ្ដល់ជូនមណ្ឌលពិការភ្នំឆត្រ័៣១៧ ថវិការ១០លានរៀល សម្រាប់ទិញស័ង្កសីកសាង ៕