Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភរិយាអភិបាលខណ្ឌឫស្សីកែវ ត្រូវជនខិលខូចលួចយករូបភាពទៅកាត់តបង្កើត Facebook ក្លែងក្លាយ ប្រើប្រាស់ក្នុងបំណងមិនល្អ

12-05-2018 09:52

(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជា ពិសី ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ ខណ្ឌឬស្សីកែវ ដែលតែងតែបង្ហោះសារពីសកម្មភាពផ្សេងៗលើទំព័រ Facebook ផ្លូវការរបស់លោកស្រីមានគណនី Ann Phalla ត្រូវជនខិលខូចលួចយករូបភាពទៅកាត់តបង្កើត Facebook ក្លែងក្លាយមានគណនី Noy ChhengHun ដើម្បីប្រើប្រាស់ក្នុងបំណងមិនល្អ។

ជាមួយគ្នានេះលោកស្រី អាន ផល្លា តាមរយៈបណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ក៏បានអំពាវនាវឲ្យមិត្តភក្តិក្នុង Facebook ជួយសហការទប់ស្កាត់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានមិនពិតទាំងឡាយណា ដែលចេញដោយគណនី Facebook Noy ChhengHun ក្លែងក្លាយនោះ។

លើសពីនេះទៅទៀត លោកស្រីប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ ខណ្ឌឬស្សីកែវ រូបនេះ ក៏បានជំរុញជនដែលខិលខូចលួចយករូបភាពរបស់លោកស្រីទៅកាត់តបង្កើតគណនី Facebook ក្លែងក្លាយនោះ ត្រូវបញ្ឈប់អំពើទុច្ចរិតរបស់ខ្លួនជាបន្ទាន់។

សូមជម្រាបថា មួយរយៈកាលកន្លងមកនេះ Facebook ផ្លូវការមួយចំនួន របស់ថ្នាក់ដឹកនាំសំខាន់ៗ ក៏ត្រូវបានជនអនាមិកលួចយក (Hack) លួចយកទៅប្រើប្រាស់ ក្នុងគោលបំណងមិនល្អផងដែរ ហើយអស់លោក លោកស្រីជាម្ចាស់គណនី ក៏បានបញ្ជាក់ថា នឹងមិនទទួលខុសត្រូវឡើយ ចំពោះការប្រើប្រាស់របស់ Facebook នោះក្នុងអំពើទុច្ចរិត៕