(ក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះថា នៅម៉ោង៩យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ មានករណីកម្មករធ្វើចំការ នៅភូមិអូទូ ហៅអូក្ដុល ឃុំស្វាយជ្រះ ស្រុកចិត្របុរី ខេត្តក្រចេះ ម្នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀត កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ សង្ស័យជាករណីពុល។
អាជ្ញាធរបានឲ្យដឹងទៀតថា កម្មកររងគ្រោះទាំង១៦នាក់ ជាអ្នករស់នៅក្នុងភូមិត្រពាំងទន្សោង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប៉ុន្តែបានទៅធ្វើចំការ នៅខេត្តក្រចេះ ហើយនៅថ្ងៃទី១១ ខែឧសភា ស្រាប់តែមានអការៈ ថប់ដង្ហើម ទន់ដៃទន់ជើង ក្អួត បណ្តាលឲ្យកម្មករម្នាក់ក៏បានស្លាប់នៅខេត្តក្រចេះ ចំណែកឯកម្មករ១៥នាក់ (ស្រី៦នាក់) ផ្សេងទៀត ត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ពេលនេះក្រុមគ្រូពេទ្យកំពុងពិនិត្យព្យាបាល។
ចំពោះសពកម្មករដែលសម្លាប់ត្រូវបានក្រុមគ្រួសារ កំពុងធ្វើបុណ្យតាមប្រពៃណី នៅភូមិត្រពាំងទន្សោង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
គួររំលឹកថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ មានផ្ទុះករណីពុលទឹក ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដែលបណ្តាលឲ្យជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់៕