(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ នឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ពានរង្វាន់ថ្នាក់ខេត្ត នៅរសៀលថ្ងៃទី១២ ខែឧសភានេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ដោយក្រុមគិរីវង់សុខសែនជ័យ ប៉ះខេត្តកំពត និងក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ(U18 បាទី) ត្រូវជួប ខេត្តកោះកុង ។ ចាំមើលតើគិរីវង់ និង U18 បាទី មានលទ្ធភាពផ្ដួលក្រុមខេត្តឡើងវគ្គផ្ដាច់ព្រ័ត្របានឬទេ?
បើក្រឡេកមើលប្រវត្តិ និងបទពិសោធន៍ប្រកួតរបស់ក្រុមទាំង ៤ ឃើញថា ក្រុមគិរីវង់ និងក្រុម U18 បាទី ហាក់មានប្រៀបជាង ព្រោះក្រុមទាំងពីរ ធ្លាប់ឆ្លងកាត់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា លីគលំដាប់ទី២ ការប្រកួតមិត្តភាពជាតិ-អន្ដរជាតិជាច្រើន ពិសេសគឺក្រុម U18 បាទី ។ ប៉ុន្ដែខេត្តកំពត និងខេត្តកោះកុង ត្បិតជាក្រុមមកពីខេត្តក្ដី តែក៏មិនធម្មតាដែរ ព្រោះប៉ុន្មានឆ្នាំចុងក្រោយ វិស័យបាល់ទាត់តាមខេត្តមានការរីកចម្រើន បូករួមមានការជំរុញពីថ្នាក់ដឹកនាំខេត្តផង នឹងធ្វើការប្រកួតថ្ងៃនេះ ល្អមើល និងជក់ចិត្តជាមិនខាន ។
សូមរំឮកថា សម្រាប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្តនេះ នឹងប្រកួតតែមួយជើងប៉ុណ្ណោះ ហើយក្រុមទទួលបានជ័យជម្នះ នឹងបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងពានជើងឯកពានថ្នាក់ខេត្ត តែមិនមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ នោះទេ ។ ប៉ុន្ដែទោះបីឈ្នះ ឬចាញ់ ក្រុមទាំង ៤ សុទ្ធតែមានសិទ្ធិចូលរួមប្រកួតពានថ្នាក់ជាតិ ដោយស្វ័យប្រវត្តិ ខណៈការប្រកួតគ្រោងធ្វើឡើងនាថ្ងៃទី១១ ខែកក្កដាខាងមុខ ។ នេះបើតាមសម្ដីលោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ។
ខាងក្រោមនេះ គឺកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត លើកទី១២៖