(កំពង់ចាម)៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម លោកឧត្តមសេនីយទោ ឯម កុសល បានប្រគល់អំណោយរបស់សមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ នៅស្រុកកងមាស។
ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់ឲ្យលោកវរសេនីយ៍ឯក យ៉ិន ប៊ុនថេង យកអំណោយប្រគល់ជូន។ ក្នុងនោះក៏មានការចូលរួមពី លោក ខេង ម៉េងឈុន អភិបាលរងស្រុកកងមាស ព្រមទាំងលោកប្រធាន អនុប្រធាន ស.អ.ក ស្រុកកងមាស។
អំណោយដែលប្រគល់ជូន គ្រួសារសពលោកស្រី កៅ គឹមស្រេង ប្រភេទគ្រួសាពលី SA 97000286 ដែលអ្នកទទួលបណ្ដាំ លោកស្រី
ស៊ាង សុជាតា អាយុ៣៦ឆ្នាំ រស់នៅភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស គឺថវិកាចំនួន៤លានរៀល ជាប្រាក់បេឡាមរណសង្គ្រោះ។
ថ្លែងក្នុងឱកាសនោះ លោកវរសេនីយ៍ឯក យ៉ិន ប៊ុនថេង ក៏បានផ្ដាំផ្ញើនូវការរំលែកទុក្ខពី លោកឧត្តមសេនីយ៍ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម និងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមយុទ្ធជនកម្ពុជាផងដែរ៕