(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលរបស់ចិន ដើម្បីទំនាក់ទំនងអន្តរជាតិ (CNIE) ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន១១ ផ្ដោតលើវិស័យអប់រំ ថាមពល និងសុខាភិបាល ដែលជាវិស័យអាទិភាពនៅមូលដ្ឋានប្រជាពលរដ្ឋខ្មែរតែម្ដង ជាមួយនឹងគម្រោងថវិកាប្រមាណ ១លានដុល្លារអាមេរិក។
ជាមួយនឹងទំហំថវិការហូតដល់ខ្ទងលានដុល្លារអាមេរិកនេះ ត្រូវបានគេសង្កេតឃើញថា ជាការបើកទំព័រលើកដំបូងនៃកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលកម្ពុជា និងសង្គមស៊ីវិលចិន។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាទាំង១១គម្រោងខាងលើនេះ ត្រូវបានប្រព្រឹត្តទៅយ៉ាងអធឹកអធ័មក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ជាមួយវត្តមានលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក លៀវ ខៃយ៉ាង ប្រធានគណៈប្រតិភូ CNIE រួមនិងប្រមុខដឹកនាំអង្គការសង្គមស៊ីវិលរបស់ចិនដទៃទៀតផងដែរ។
លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន វ.ស.ស និង CNIE បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងសង្គមស៊ីវិលកម្ពុជា និងសង្គមស៊ីវិលចិន។ លោកថា គម្រោងទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវការជាចាំបាច់ប្រចាំថ្ងៃ។
លោក វិសិដ្ឋ បានបន្តថា ថវិកាប្រមាណ ១លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ក្នុងការអនុវត្តគម្រោងទាំង១១នេះ ក្នុងនោះរួមមាន៖
១៖ គម្រោងអណ្ដូងទឹកកម្ពុជា-ចិន (ស្រុកបាទី) នឹងកំពុងសាងសង់អណ្ដូងទឹកចំនួន ១១៦ នៅស្រុកបាទី ខេត្តតាកែវ ត្រូវបានចុះហត្ថលេខារវាង វ.ស.ស ជាមួយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ។
២៖ គម្រោងអណ្ដូងទឹកកម្ពុជា-ចិន (ស្រុកបុរីជលសា) សាងសង់អណ្ដូងទឹកចំនួន ៨២ នៅស្រុកបុរីជលសា ខេត្តតាកែវ ត្រូវបានចុះហត្ថលេខារវាង វ.ស.ស ជាមួយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ។
៣៖ គម្រោងភូមិពន្លឺព្រះអាទិត្យនៃទន្លេមេគង្គ ឧបត្ថម្ភឧបករណ៍ថាមពលសូឡាដល់ភូមិមួយចំនួនក្នុងខេត្តតាកែវ ត្រូវបានចុះហត្ថលេខារវាង វ.ស.ស ជាមួយមូលនិធិសិនជិនដើម្បីទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ។
៤៖ គម្រោងសកម្មភាពពន្លឺផាងលីន គាំទ្រការវះកាត់ជំងឺភ្នែកឡើងបាយចំនួន ២០០នាក់ ដល់មន្ទីរពេទ្យភ្នែកខេត្តតាកែវ ត្រូវបានចុះហត្ថលេខារវាង វ.ស.ស ជាមួយមូលនិធិសប្បុរសផាងលីនសិនជិន។
៥៖ គម្រោងពន្លឺនៃអនាគត ឧបត្ថម្ភអំពូលថាមពលសូឡា សៀវភៅ និងសម្ភារសិក្សាដល់សិស្សកម្ពុជាក្នុងគ្រួសារក្រីក្រ ត្រូវបានចុះហត្ថលេខារវាង វ.ស.ស ជាមួយមូលនិធិសប្បុរសធម៌មេត្តាក្ដីស្រលាញ់ប៉េកាំង។
៦៖ គម្រោងអ្នកស្ម័គ្រចិត្ត ត្រូវបានចុះហត្ថលេខារវាង វ.ស.ស ជាមួយសហព័ន្ធសេវាអ្នកស្ម័គ្រចិត្តប៉េកាំង។
៧៖ គម្រោងបោសសម្អាតមីននៅកម្ពុជា គាំទ្រផ្នែកបច្ចេកទេសដល់អង្គការសង្គមស៊ីវិលកម្ពុជា ឬអាជ្ញាធរតំបន់ ឧបករណ៍សម្អាតមីន និងផ្ដល់ជំនួយខាងវេជ្ជសាស្ត្រដល់ជនរងគ្រោះដោយសារមីន ត្រូវបានចុះហត្ថលេខារវាង វ.ស.ស ជាមួយមូលនិធិដែនដីសន្តិភាពប៉េកាំង។
៨៖ គម្រោងស្រុកកំណើតមិត្តភាពសម្រាប់កុមារ បង្កើតមជ្ឈមណ្ឌលកុមារដែលមានមូលដ្ឋាននៅកន្លែងដែលផ្ដល់ឲ្យនៅសាលារៀន ឬគណៈកម្មាធិការតំបន់ រៀបចំសកម្មភាពផ្សេងៗសម្រាប់កុមារ និងលើកទឹកចិត្តឪពុកម្ដាយឲ្យចូលរួមទំនាក់ទំនង និងផ្ដល់ការគាំទ្រខាងច្បាប់ និងវេជ្ជសាស្ត្រ ត្រូវបានចុះហត្ថលេខារវាង វ.ស.ស ជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងជំនួយផ្នែកច្បាប់សម្រាប់កុមារប៉េកាំង។
៩៖ គម្រោងការពារបរិស្ថាន និងសន្សំថាមពល ត្រូវបានចុះហត្ថលេខារវាង វ.ស.ស ជាមួយមជ្ឈមណ្ឌលការពារបរិស្ថាន និងអភិរក្សថាមពលប៉េកាំង។
១០៖ គម្រោងផ្លាស់ប្ដូរបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ អញ្ជើញយុវជនកម្ពុជាទៅចូលរួមសកម្មភាពវិទ្យាសាស្ត្រនៅប្រទេសចិន ត្រូវបានចុះហត្ថលេខារវាង វ.ស.ស ជាមួយសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំង។
១១៖ គម្រោងកញ្ចប់នៃក្ដីស្រលាញ់ ឧបត្ថម្ភសម្ភារសិក្សាដល់សិស្សក្នុងគ្រួសារក្រីក្រ រវាងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាមួយមូលនិធិចិនដើម្បីកាត់បន្ថយភាពក្រីក្រ។
ប្រធានគណៈប្រតិភូ CNIE លោក លៀវ ខៃយ៉ាង បានឲ្យដឹងថា បច្ចុប្បន្ននេះ មានអង្គការសង្គមស៊ីវិលរបស់ចិនចំនួន ២០អង្គការហើយ បានអនុវត្តគម្រោងអភិវឌ្ឍន៍នៅកម្ពុជា ហើយលោកជឿជាក់ថា នាពេលអនាគត អង្កការសង្គមស៊ីវិលរបស់ចិន នឹងមកចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជាកាន់តែច្រើនថែមទៀត រួមទាំងពង្រីកចំនួនថវិកាជំនួយផងដែរ។
លោក លៀវ បានបន្តថា សម្រាប់កម្ពុជាអ្វីដែលត្រូវយកចិត្តទុកអាទិភាព គឺការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដូចជាវិស័យអប់រំ វិស័យថាមពល វិស័យសុខាភិបាលជាដើម។
ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បានឲ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យសង្គមស៊ីវិលនៅកម្ពុជា និងបានខិតខំប្រឹងប្រែងឲ្យមានសុខដុមនីយកម្មរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្លះបានសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យភាគីទាំងសង្ខាងខិតខំអនុវត្តសកម្មភាពអភិវឌ្ឍន៍របស់ខ្លួន សំដៅប្រែក្លាយស្មារតីនៃឯកសារទាំងនេះឲ្យទៅជាការអនុវត្តជាក់ស្ដែង នៅពេលខាងមុខដ៏ខ្លី ដោយពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសមភាគី NGO កម្ពុជា៕