(សៀមរាប)៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ សាលានគរបាលជាតិភូមិភាគ៤ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១២ ឆ្នាំ២០១៨ និងប្រកាសតែងតាំងពេញសិទ្ធិ និងបំពាក់ឋានន្តរសក្កិ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ដល់សិស្សនាយនគរបាល និងនាយនគរបាលរង ដែលបានជ្រើសរើសថ្មីចំនួន១៣៩រូប ក្នុងនោះមានស្រី២១រូប។ ហើយពិធីនេះដែរធ្វើឡើងក្រោមអធិបតីភាព លោក ឯក មនោសែន អនុប្រធានបណ្ឌិត្យនគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងមានការចូលរួមពីលោក សាយ រិទ្ធីសក្កិ នាយកសាលានគរបាលភូមិភាគ៤ រូមទាំងនាយករងសាលាភូមិភាគ៤ និងអភិបាលរង ចំនួន៣ខេត្ត គឺខេត្តសៀមរាប, ឧត្តរមានជ័យ និងខេត្តព្រះវិហារផងដែរ ។
លោក សាយ រិទ្ធីសក្កិ បានឲ្យដឹងថា ដើម្បីឲ្យការបណ្តុះបណ្តាលមន្រ្តីនគរបាលឲ្យមានសមត្ថភាព និងចំណេះដឹងល្អនោះ គ្រូៗទំាងអស់ នៅក្នុងសាលានគរបាល ភូមិភាគ៤នេះ បានខិតខំសិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗ ពាក់ព័ន្ធផ្លូវច្បាប់នៅក្នុងប្រទេស និងនៅលើឆាអន្តរជាតិ យកមកបណ្តុះបណ្តាលមន្រ្តីនគរបាលរបស់យើង ជាក់ស្តែងថ្ងៃនេះមន្រ្តីនគរបាលចំនួន១៣៩រូប ទទួលបានការបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ហើយមន្រ្តីនគរបាលទំាងនេះក៏នឹងត្រូវត្រឡប់មកសាលានេះវិញជាថ្មីទៀត ដើម្បីទទួលការបណ្តុះបណ្តាលនូវកម្រិតខ្ពស់ៗបន្តទៀត ។
លោកបានបញ្ជាក់ទៀតថា ការបណ្តុះបណ្តាល«កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១២ ឆ្នាំ២០១៨ នេះមានសិស្សចំនួន ១៣៩រូប (ស្រី២១រូប) ក្នុងនោះសិស្សទាំងអស់បានទទួលបានជ័យលាភី វិញ្ញាបនបត្រ និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។
លោក ឯក មនោសែន បានលើកឡើងថា ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់មន្រ្តីនគរបាន គឺជាការងារដែលធ្វើមិនចេះចប់ ជាពិសេសមន្រ្តីនគរបាល ដែលមុននឹងប្រកាសតាំងស៊ប់ ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិម្នាក់ៗ ត្រូវធ្វើការសិក្សាស្រាវជ្រាវហ្វឹកហាត់គ្រប់បែបយ៉ាង ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗស្របតាមការវិវត្តរបស់សង្គមជាតិ និងវិទ្យាសាស្រ្ត ដើម្បីធានាបានប្រសិទ្ធភាពការងារក្នុងការបង្ក្រាបបទល្មើសផ្សេងៗ នៅពេលបានចូលជាមន្រ្តីនគរបាលជាតិ។
លោកបានបញ្ជាក់ថា សូម្បីតែមន្រ្តីនគរបាលកម្ពុជា ដែលកំពុងបំរើការងាររាល់ថ្ងៃក៏ចាំបាច់ត្រូវបន្តចូលសាលាដើម្បីអភិវឌ្ឍ សមត្ថភាព និងជំនាញ ក្នុងការបង្ក្រាបបទល្មើស ឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ ពីព្រោះជនល្មើសវាមានកលល្បិច និងជំនាញបច្ចេកវិទ្យាថ្មីៗដែលយើងមិនទាន់ចេះ ហើយបច្ចុប្បន្ននេះមានមន្រ្តីនគរបានមួយចំនួនត្រូវបានបញ្ជូនទៅសិក្សាហ្វឹកហាត់នៅក្រៅប្រទេស ជាបន្តបន្ទាប់ ដើម្បីឱ្យមន្រ្តីនគរបាលជាតិមានសមត្ថភាពគ្រប់ទំាងការងា រការពារសន្តិសុខក្នុងប្រទេស និងនៅក្នុងតំបន់ ពីព្រោះមន្រ្តីនគរបាលកម្ពុជា មិនត្រឹមតែសម្រាប់បង្ក្រាបជនល្មើលជាជនជាតិខ្មែរប៉ុណ្ណោះទេ គឺត្រូវមានសមត្ថភាពជំនាញ និងបច្ចេកវិទ្យាខ្លំាងក្នុងការបង្ក្រាបជនល្មើសជាជនជាតិបរទេស ដែលមកបង្កអសន្តិសុខដល់ប្រទេសយើងផងដែរ។
លោកបានបន្ថែមទៀតថា ដើម្បីសម្រេចនូវគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល និងដោយយោងតាមស្ថានភាព នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ កម្ពុជាមិនទាន់គ្រប់គ្រាន់តាមក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការជ្រើសរើស មន្ត្រីនគរបាលថ្មី ដើម្បី បន្តវេន និងធានាបាននូវនិរន្តរភាព នៃរដ្ឋបាលសាធារណៈក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនសង្គមជាតិផងដែរ។ លោកបានបន្ថែមថា លោកបានគាំទ្រនូវវិធានការរបស់បណ្ឌិត្យសភា ក្នុងការពង្រឹង និងលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលគ្រប់កម្រិត ពីព្រោះ ក្រសួងត្រូវការមន្ត្រីនគរបាល ដែលមានសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារខ្ពស់ផងដែរ។
លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា នាយកដ្ឋានបុគ្គលិក សាលានគរបាលជាតិភូមិភាគ៤ និងអង្គភាពចំណុះពាក់ព័ន្ធ ទាំងអស់ ក្នុងការរៀបចំនិងចាត់ចែង ឱ្យវគ្គបណ្តុះបណ្តាលនេះដំណើរការបានល្អ និងសម្រេចបានជោគជ័យ តាមផែនការដែលបានកំណត់ ហើយលោកក៏បានជម្រុញឱ្យមន្រ្តីនគរបាលកម្ពុជា ដែលទើបប្រកាសតាំងស៊ុបក្នុងក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ ត្រូវអភិវឌ្ឍសមត្ថភាព និងជំនាញក្នុងការ បង្ក្រាបបទល្មើស នៅតាមអង្គភាពរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ។
ឆ្លៀតក្នុងឱកាសបិទវគ្គនោះដែរ លោកក៏បានបំពាក់ឋានន្តរសក្កិជូន ដល់សិស្សថ្មី ជំនាន់ទី១២ ដែលជាសិស្សជាប់ជ័យលាភីជាសិស្សឆ្នើមចំនួន៣៥រូប ក្នុងចំណោមសិស្ស ដែលបានជ្រើសរើសថ្មី ចំនួន១៣៩រូបនោះផងដែរ ៕